(ភ្នំពេញ)៖ ក្រុមមេធាវីការពារក្ដីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៥ ខែកញ្ញានេះ ដាក់ពាក្យស្នើសុំទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ឱ្យមានវត្តមានជនត្រូវចោទ កឹម សុខា នាពេលសវនាការ នៅថ្ងៃទី២៦ ខែកញ្ញាស្អែកនេះ។ ប៉ុន្តែលោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងថា បើគ្មានវត្តមានជនត្រូវចោទ កឹម សុខា ក៏មិនប៉ះពាល់នីតិវិធីដែរ ព្រោះជាសវនាការមុនអង្គសេចក្តី ពោលគឺការសុំនៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណោះ។
លោក សំ សុគង់ មេធាវីការពារក្ដីលោក កឹម សុខា ថ្លែងប្រាប់ភ្នាក់ងារបណ្តាញព័ត៌មាន Fresh News ថា សវនាការនេះដឹកនាំដោយលោក ឃុន លាងម៉េង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក អ៊ឹម សុផាត ជាតំណាងមហាអយ្យការ ។
លិខិតស្នើសុំទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ចុះហត្ថលេខាដោយមេធាវី៧រូប បញ្ជាក់ថា ក្រុមមេធាវី ចង់ឱ្យមានវត្តមានលោក កឹម សុខា នៅចំពោះមុខសភាស៊ើបសួរសាលាឧទ្ធរណ៍ ដោយបានលើកហេតុផលសំខាន់ចំនួន៣ចំណុច ដើម្បីចៀសវាងប៉ះពាល់ផលប្រយោជន៍ស្របច្បាប់របស់កូនក្ដី។
អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ទូច ថារិទ្ធិ ថ្លែងថា តាមស្មារតីសាលាឧទ្ធរណ៍គឺចង់ឱ្យមានវត្តមានជនត្រូវចោទ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមសវនាការ នាព្រឹកថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ។ ប៉ុន្តែប្រសិនបើគ្មានវត្តមានជនត្រូវចោទ កឹម សុខា ក៏មិនប៉ះពាល់នីតិវិធីដែរ ព្រោះជាសវនាការមុនអង្គសេចក្តី ពោលគឺការសុំនៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណោះ។
លោក ទូច ថារិទ្ធិ បន្តថា ពាក់ព័ន្ធបញ្ហាសន្តិសុខ សុវត្ថិភាព របស់ជនត្រូវចោទ កឹម សុខា គឺជាសមត្ថកិច្ចរបស់អគ្គនាយកពន្ធនាគារ ជាអ្នកទទួលខុសត្រូវ ហើយការសួរដេញដោលនេះគឺពុំចាំបាច់ចំពោះមុខទេ ដែលអាចឱ្យក្រុមប្រឹក្សាជំនុំជម្រះ អាចសម្រេចអំពីការឱ្យនៅក្រៅឃុំ ឬមិនឱ្យនៅក្រៅឃុំបាន។
គួរបញ្ជាក់ថា សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញាស្អែកនេះ នឹងបើកសវនាការបណ្តឹងរបស់ក្រុមមេធាវី ដែលប្តឹងប្រឆាំងនឹងដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទបទល្មើស «ក្បត់ជាតិ»។
សូមជំរាបថា លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៧ សម្រេចចេញដីកាឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ។
សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ៕