(អាឡឺម៉ង់)៖ ពិធីអាហារសាមគ្គីមហាគ្រួសារខ្មែរ ត្រូវបានរៀបចំឡើងក្នុងប្រទេសអាឡឺម៉ង់ ដែលមានការអញ្ជើញចូលរួមពីសំណាក់ពលរដ្ឋខ្មែរជាង២០០នាក់ ជាមួយលោក ហ៊ុន ម៉ាណែត ប្រកបដោយភាពសប្បាយរីករាយ និងស្និតស្នាលបំផុត នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះលោកមកដល់ប្រទេសអាឡឺម៉ង់ ដើម្បីជួបជាមួយបងប្អូនប្រជាពលរដ្ឋ និងបានជម្រាបជូនពីស្ថានភាពស្រុកខ្មែរ ដើម្បីឲ្យពួកគាត់បានស្វែងយល់។
លោកបានបញ្ជាក់ថា «ខ្ញុំមកនេះមិនមែនឲ្យបងប្អូនទៅស្អប់នរណាទេ ហើយមិនឲ្យលោកអ៊ុពូមីងបងប្អូនលាបពណ៌អ្នកណា ឲ្យយើងបែកបាក់គ្នានោះទេ។ ការផ្តល់ព័ត៌មានទាក់ទងនឹងអ្វី ដែលបងប្អូនប្រជាពលរដ្ឋចង់ដឹងពីស្រុកទេស ជាសិទ្ធិរបស់យើងជាសិទ្ធិរបស់ខ្មែរទាំងអស់គ្នា មិនមែនសិទ្ធិផ្តាច់មុខ របស់បក្សនេះបក្សនោះទេ គឺជាសិទ្ធិរបស់ខ្មែរទាំងអស់គ្នា។ អញ្ចឹងគាត់មានសិទ្ធិស្តាប់អ្នកណាក៏បាន ដើម្បីគាត់យកជាមូលដ្ឋានទៅពិចារណា ហើយខ្ញុំមិនបង្ខំឲ្យបងប្អូន ត្រូវតែជឿទៅលើអ្វីដែលខ្ញុំ ជម្រាបជូននាពេលនោះទេ»។
លោក ហ៊ុន ម៉ាណែត ក៏បានអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមយ៉ាងច្រើនកុះករនេះ ដែលបង្ហាញនូវស្មារតីសាមគ្គីគ្នា ក្នុងនាមជាខ្មែរតែមួយ។
ប្រជាពលរដ្ឋដែលមកចូលរួមជាង២០០នាក់នោះ បានស្វាគមន៍លោក ហ៊ុន ម៉ាណែត និងបានបញ្ជាក់ថា ពួកគេពិតជាសប្បាយរីករាយ ដែលបានជួបលោក ហ៊ុន ម៉ាណែត និងបានស្តាប់នូវរឿងរ៉ាវជាច្រើនពាក់ព័ន្ធការរីកចម្រើននៅកម្ពុជា។
គួររំលឹកថា នេះជាដំណើររទស្សនកិច្ច លើកទី៣ ទៅកាន់បណ្ដាប្រទេសនៅក្នុងទ្វីបអឺរ៉ុប។ ក្រៅពីដំណើរទស្សនកិច្ចផ្លូវការលើកនេះ លោក ហ៊ុន ម៉ាណែត ក៏មានគំរោងជួបជាមួយ យុវជន និងនិស្សិតខ្មែរ បងប្អូនពាណិជ្ជករខ្មែរ-ចិន និងបងប្អូនប្រជាពលរដ្ឋខ្មែរ ជាច្រើននាក់ នៅតាមបណ្ដាប្រទេសមួយចំនួន នៅក្នុងទ្វីបអឺរ៉ុបថែមទៀតផងដែរ៕