(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រកាសប្រាប់ពលរដ្ឋដែលជាម្ចាស់ម៉ូតូគ្មានស្លាកលេខ កែច្នៃខុសបច្ចេកទេស និងបំពាក់ស៊ីម៉ាំងលឺខ្លាំង ដែលនគរបាលចាប់នាពេលកន្លងទៅ ឲ្យទៅបំពេញឯកសារនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកម៉ូតូត្រឡប់មកវិញ ដោយចាប់ពីថ្ងៃនេះតទៅ (ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧)។
នេះបើតាមលោក ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
តាមរយៈអង្គភាពព័ត៌មាន Fresh News នាយរងការិយាល័យចរាចរណ៍ផ្លូវគោក សូមប្រកាសជូនដំណឹងប្រាប់ទៅកាន់ប្រជាពលរដ្ឋ ដែលជាម្ចាស់ម៉ូតូទាំងអស់ ដែលកម្លាំងនគរបាលនៅតាមបណ្ដាខណ្ឌ ចាប់និងឃាត់ទុក តាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែកញ្ញានេះ ចំនួន១៨៧គ្រឿង ឲ្យចូលទៅបំពេញសំណុំបែបបទ និងឯកសារផ្សេង ឬយកបំពង់ស៊ីម៉ាំងថ្មីដែលត្រូវតាមបច្ចេកទេសទៅបំពាក់ឡើងវិញ នឹងទទួលបានម៉ូតូរបស់ខ្លួនត្រឡប់មកវិញ។
នាយរងការិយាល័យរូបនេះ បញ្ជាក់ថា ក្នុងចំណោមម៉ូតូទាំង១៨៧គ្រឿងនោះ មានម៉ូតូកែច្នៃខុសស្ដង់ដាបច្ចេកទេស ១១៩គ្រឿង, ម៉ូតូគ្មានផ្លាកលេខ ៦៨គ្រឿង ក្នុងនោះការិយាល័យចរាចរចាប់ឃាត់ ១១៣គ្រឿង ដែលកែច្នៃខុសបច្ចេកទេស ៧៥គ្រឿង និងម៉ូតូអត់ស្លាកលេខ ៣៨គ្រឿង៕