(ភ្នំពេញ)៖ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានប្រកាសថា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ នឹងចូលរួមស្តាប់សវនាការលោក កឹម សុខា នៅសាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះ។
ការប្រកាសរបស់ លោក សុន ឆ័យ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតរបស់គណបក្សសង្រ្គោះជាតិ នៅទីស្នាក់ការកណ្តាលគណបក្សនេះ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។ ជាមួយគ្នានេះ លោក សុន ឆ័យ បានលើកឡើងទៀតថា គណបក្សសង្រ្គោះជាតិ បានសម្រេចលើកស្លាកស្នើសុំឱ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្ស ដោយគ្មានលក្ខខណ្ឌ នៅស្នាក់ការនានារបស់បក្សសង្រ្គោះជាតិ ទូទាំងប្រទេស។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះ សាលាឧទ្ធរណ៍ នឹងជំនុំជម្រះ ដើម្បីសម្រេចអំពីរឿងនៅក្រៅឃុំរបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បដិសេធបដិសេធដោយមិនអនុញ្ញាតឱ្យលោក កឹម សុខា នៅក្រៅឃុំបណ្តោះអាសន្ន កាលពីពេលថ្មីៗនេះ។
លោក កឹម សុខា ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរនិងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ក្នុងបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ៕