(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់ វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខត្តស្ទឹងត្រែង។ ពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២នេះ រៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល, អាជ្ញាធរខេត្តស្ទឹងត្រែង និងក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd។

គួរបញ្ជាក់ថា គម្រាងវារីអគ្គិសនីសេសានក្រោម២នេះ មានអានុភាព៤០០មេហ្គាវ៉ាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd ធ្វើការវិនិយោគ និងសាងសង់ ដែលមានក្រុមហ៊ុនរួមទុន ចំនួន៣មាន៖ ១៖ ក្រុមហ៊ុន Hydrolancang International Energy នៃប្រទេសចិន ៥១ភាគរយ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន China Huaneng Group. ២៖ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ៣៩ភាគរយ និង ៣៖ ក្រុមហ៊ុន EVN International នៃប្រទេសវៀតណាម មាន១០ភាគរយ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងវារីអគ្គិសនីសេសានក្រោម២នេះ បានសិក្សាតាំងពី ១០ឆ្នាំមុនមកម្ល៉េះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងសាងសង់វារីអគ្គិសនីនេះ មិនមែនចេះតែធ្វើដោយឆក់កណ្តៀតដូចការលើកឡើងមួយចំនួននោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណាក់កាលដុតទៀន ដុតចង្កៀងប្រេងកាត ដុតចន្លុះ ដុតក្លាញ់ត្រី... បានរសាត់ឆ្ងាយពីកម្ពុជាហើយ បន្ទាប់ពីកម្ពុជាផលិតបានវារីអគ្គិសនីជាច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អំឡុងទសវត្សរ៍ឆ្នាំ៨០ កម្ពុជា ប្រើប្រាស់ថាមពលអគ្គិសនីប្រមាណ ៣០ ទៅ៤០មេហ្គាវ៉ាត់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះត្រូវការជាង ២ពាន់មេហ្គាវ៉ាត់ គ្រាន់តែរាជធានីភ្នំពេញប្រើប្រាស់ប្រមាណ ៥០០មេហ្គាវ៉ាត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមួយថ្ងៃទៅមួយថ្ងៃ គ្មានថ្ងៃណាដែលមិនត្រូវការថាមពលអគ្គិសនីនោះទេ ពោលតម្រូវការអគ្គិសនីមានការកើនឡើងជានិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងវិនិយោគវារីអគ្គិសនី គឺតម្រូវឲ្យមានការធានាដល់រដ្ឋសភា ដើម្បីការពារការមិនទទួលស្គាល់របស់ រាជរដ្ឋាភិបាលអាណត្តិក្រោយៗ។

* សម្តេចតេជោ បានចោទសួរអ្នកបរិស្ថាននិយមថា ដៃម្ខាងចង់បានអគ្គិសនីប្រើ និងម្ខាងទៀតចង់រាំងខ្ទប់គម្រោងអភិវឌ្ឍន៍ តើអ្វីជាគោលបំណងរបស់ពួកគេ?

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជា គឺជាឋានសួគ៌លោកិយរបស់អង្គការប្រឆាំងរាជរដ្ឋាភិបាល។

* សម្តេចតេជោ បានគូសបញ្ជាក់ថា សូម្បីតែយន្តហោះ ហោះនៅលើអាកាសរាល់ថ្ងៃ ក៏ប៉ះពាល់បរិស្ថានដែរ ហើយគម្រោងជាច្រើននៅលើពិភពលោកនេះ សុទ្ធតែប៉ះពាល់បរិស្ថាន ប៉ុន្តែគេត្រូវតែធ្វើ ព្រោះជាតម្រូវការចាំបាច់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នឹងបន្តជំរុញការបង្កើតវារីអគ្គិសនីទៅតាមដំណាក់កាលនីមួយៗបន្ថែមទៀត ដើម្បីបំពេញកំណើនតម្រូវការ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋប្រើប្រាស់ថាមពលអគ្គិសនីសរុបប្រមាណ ៣លាន ២សែន ៨ម៉ឺនខ្នងផ្ទះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីរបស់ប្រជាពលរដ្ឋខ្មែរកាន់តែខ្ពស់ទៅៗ។

* សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីសេសានក្រោម២ ដែលបានព្រមចាកចេញទៅរស់នៅកន្លែងផ្សេង ផ្តល់ឱកាសឲ្យក្រុមហ៊ុនអភិវឌ្ឍន៍វារីអគ្គិសនីនេះឡើង សម្រាប់បំពេញតម្រូវការរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានស្តីឲ្យឯកអគ្គរដ្ឋទូតមួយថា បើមិនដឹងច្បាស់ពីកម្ពុជា កុំមកនិយាយពីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះ ឯកអគ្គរដ្ឋទូតនោះទេ តែបានបង្ហើបថា ឯកអគ្គរដ្ឋទូតនោះតំណាងឲ្យប្រទេសជាច្រើន។

* សម្តេចនាយករដ្ឋមន្រ្តី បានស្នើឲ្យមានការប្រលែងកូនត្រីឲ្យច្រើននៅអាងទឹកវារីអគ្គិសនីសេសានក្រោម២នេះ ឲ្យបានច្រើនដើម្បីឲ្យត្រីវាសម្បូរណ៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មជាមួយអង្គការមាតាធម្មជាតិ ដែលក្រសួងមហាផ្ទៃទើបនឹងរំលាយចោល។ សម្តេចតេជោថា អង្គការនេះគឺជាអង្គការប្រតិកម្ម និងទើសគ្រប់រឿងទាំងអស់។

* សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់រដ្ឋាភិបាលចិន ដែលបានជំរុញឲ្យក្រុមហ៊ុនចិនមកវិនិយោគលើវារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា វារីអគ្គិសនីនៅកម្ពុជាស្ទើរតែទាំងអស់ ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន។

* សម្តេចបានលើកឡើងថា ប្រសិនបើគ្មានការវិនិយោគរបស់ក្រុមហ៊ុនចិនទេ រង់ចាំប្រទេសដទៃមិនដឹងជាថ្ងៃខែឆ្នាំណា ទើបមានវារីអគ្គិសនីប្រើនោះទេ។ សម្តេចក៏ស្នើឲ្យមានការសើរើលើគម្រោងវារីអគ្គិសនីមួយចំនួន ដែលសិក្សាហើយទុកចោល។ ការសើរើដកហូតនេះ គឺដើម្បីឲ្យក្រុមហ៊ុនដទៃសិក្សាអនុវគម្រោងបន្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ដែលតែងតែបានគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចធ្វើជា នាយករដ្ឋមន្រ្តី ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចតេជោ បន្តថា ស្ទឹងត្រែងជាខេត្តទទួលបានការអភិវឌ្ឍយ៉ាងច្រើន ដូចជាស្ពានឆ្លងកាត់ទន្លេ និង ផ្លូវជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា។

* ដោយសារថ្ងៃទី២៤ ខែកញ្ញា ម្សិលមិញជាខួបនៃការបង្កើតរដ្ឋធម្មនុញ្ញរបស់កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកវិភាគទាំងឡាយមើលរដ្ឋធម្មនុញ្ញ ឲ្យបានច្បាស់លាស់មុននឹងវិភាគ។

* ឆ្លើយតបទៅនឹងការវិភាគមួយចំនួនដែលរិះគន់រឿងចាត់ចែងការងារជានាយករដ្ឋមន្រ្តីរបស់សម្តេចនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិភាគជាបណ្ឌិតមួយចំនួន ត្រូវស្គាល់ឲ្យច្បាស់ពីតួនាទីរបស់នាយករដ្ឋមន្រ្តី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិភាគទាំងនោះ សមត្ថភាពមិនដល់កូនៗរបស់សម្តេចនោះទេ កុំចង់មកប្រដៅសម្តេច។ សម្តេចថា មិនបាច់ប្រដៅសម្តេចនោះទេ ប្រកួតសមត្ថភាពជាមួយកូនៗសម្តេចឲ្យតែបានទៅបានហើយ។

* សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកវិភាគទាំងនោះឲ្យមើលរដ្ឋធម្មនុញ្ញឡើងវិញ តើនាយករដ្ឋមន្រ្តីធ្វើអ្វីបានខ្លះ មិនមែនគ្រាន់តែការប្រតិកម្មជាមួយឯកអគ្គរដ្ឋទូតមួយ ក៏ត្រូវទៅសុំច្បាប់ពីរដ្ឋសភាដែរនោះទេ។ សម្តេចនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាលំបាកណាស់ ប្រសិនបើអ្នកកាច់ចង្កូតប្រទេសធ្វើខុសតែបន្តិ អ្វីៗនឹងត្រូវរលាយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖៥៩នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕