(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញានេះ គឺនៅសល់តែ៤៥ថ្ងៃទៀតប៉ុណ្ណោះ ការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ឡើងនឹងត្រូវបញ្ចប់ សូមបងប្អូនដែលគ្រប់អាយុបោះឆ្នោត អ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកគ្រប់អាយុបោះឆ្នោតហើយតែមិនទាន់ចុះឈ្មោះ សូមរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។

ដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ មានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតថ្មី ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖

១៖ គ្រប់អាយុបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺអាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។
២៖ អ្នកគ្រប់អាយុយូរហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនឹងគេ កាលពីឆ្នាំ២០១៦ កន្លងទៅ។
៣៖ អ្នកដែលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ រួចហើយ តែបានផ្លាស់ប្ដូរទីលំនៅ ឬទីសំណាក់ទៅឃុំ-សង្កាត់ផ្សេង។ ប្រសិនបើអ្នកមានទីលំនៅច្រើនជាងមួយកន្លែង អ្នកត្រូវជ្រើសរើសយក ទីតាំងលំនៅដ្ឋានណាមួយ ដើម្បីចុះឈ្មោះរបស់អ្នកក្នុងបញ្ជីបោះឆ្នោតថ្មីនោះ។

មិនខុសពីការចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ឡើយ ដើម្បីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧បាន ពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ។ ប្រសិនបើគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ ពលរដ្ឋត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោតជំនួសវិញ។

ដើម្បីបានឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ពលរដ្ឋសាម៉ីត្រូវទៅស្នើសុំពីសាលាឃុំ-សង្កាត់ ដែលខ្លួនកំពុងស្នាក់នៅ ដោយនាំទៅជាមួយនូវសាក្សី ដែលមានសិទ្ធិបោះឆ្នោត ហើយរស់នៅក្នុងឃុំ-សង្កាត់ជាមួយគ្នា​ចំនួន២នាក់ និងរូបថតទំហំ ៣គុណ៤ ចំនួន២សន្លឹក។

គ.ជ.ប បានឲ្យដឹងថា ក្នុងករណីអាសយដ្ឋានរបស់អ្នក ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន អ្នកត្រូវភ្ជាប់មកជាមួយសៀវភៅស្នាក់នៅ (ច្បាប់ដើម) ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬលិខិតបញ្ជាក់ទីលំនៅ។ ដើម្បីទទួលបានលិខិតបញ្ជាក់ទីលំនៅ ពីអាជ្ញាធរឃុំ-សង្កាត់ អ្នកត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នក និងសាក្សីម្នាក់ ដែលជាអ្នកមានសិទ្ធិបោះឆ្នោត ហើយរស់នៅក្នុងឃុំ-សង្កាត់ជាមួយអ្នកទៀតផង។

លោក ហង្ស ពុទ្ធា បានបន្តថា ចំណែកឯការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត ឆ្នាំ២០១៦វិញ គឺធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖

១៖ ត្រូវការកែប្រែទិន្នន័យ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ដូចជាខុសឈ្មោះ ខុសអក្ខរាវិរុទ្ធ ខុសថ្ងៃ-ខែ-ឆ្នាំកំណើត ខុសអាសយដ្ឋាន ទីកន្លែងកំណើត ដែលខុសទៅនឹងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែររបស់ខ្លួន។

២៖ បានទទួលមរណភាព។

៣៖ បាត់បង់សិទ្ធិបោះឆ្នោត ដោយសារជាប់ជាពិរុទ្ធជន ឬជាប់ពន្ធនាគារ ឬបាត់សិទ្ធិបោះឆ្នោតបណ្ដោះអាសន្ន ឬត្រូវបានតុលាការ ចេញសាលក្រមសម្រេចផ្ដន្ទាទោសជាដើម ពោលអ្នកដែលត្រូវបានបញ្ជាក់ថា បាត់បង់សិទ្ធិបោះឆ្នោត។

៤៖ បានចាកចេញពីទីលំនៅក្នុងឃុំ-សង្កាត់ចាស់ ទៅរស់នៅ ឬស្នាក់នៅក្នុងឃុំ-សង្កាត់ថ្មី។ តែទោះជាយ៉ាងណា ការលុបឈ្មោះពលរដ្ឋណាម្នាក់ ចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ បាន ត្រូវតែមានការបញ្ជាក់ពីសាម៉ីខ្លួន ឬអាជ្ញាធរមូលដ្ឋាន ឬសាច់ញាតិក្រុមគ្រួសារ (បើគ្មានការបញ្ជាក់ទេ គឺគ្មានការលុបឈ្មោះឡើយ)។

គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាមានចំនួនសរុប ១៥,៨៨៣,២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើង ពោលគឺគ្រប់អាយុបោះឆ្នោតតំណាងរាស្រ្ត ឆ្នាំ២០១៨ (គិតដល់ថ្ងៃបោះឆ្នោត) មានចំនួន ៩,៧៨៨,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបាន ចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់ ខណៈប្រជាពលរដ្ឋដែល ត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ មានចំនួន ១,៤១២,១៤៩នាក់។ នេះជាចំនួនប៉ាន់ស្មាន។

សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ គឺដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

សូមប្រជាពលរដ្ឋដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោតទាំងអស់ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៨ ខាងមុខ៕