(កំពង់ចាម)៖ យុវជនម្នាក់ត្រូវក្មេងស្ទាវមួយក្រុមមានគ្នា២នាក់ ដេញកាប់ប្រហារភ្លាមៗ បណ្ដាលឲ្យដាច់ដៃទាំង២ខាង និងបែកក្បាល ដោយគ្រាន់តែជិះម៉ូតូមើលមុខបន្ដិចសោះ តែចុងក្រោយជនបង្កត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ចាមបង្ក្រាបបាន។
លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះថា បន្ទាប់ពីមានហេតុការណ៍នេះភ្លាម លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច បើកប្រតិបត្តិស្រាវជ្រាវ បង្ក្រាបតែម្ដង រហូតដល់ថ្ងៃទី២៣ ខែកញ្ញាម្សិលមិញនេះ កម្លាំងកងរាជអាវុធហត្ថរបស់លោកបង្ក្រាបបានជនបង្កទាំង២នាក់នេះតែម្ដង។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ជនបង្កទាំង២នាក់ឈ្មោះ រិន ចាន់ណា ហៅទិ អាយុ១៨ឆ្នាំ និងឈ្មោះ សេត សុមានី អាយុ១៩ឆ្នាំ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយឡែកជនរងគ្រោះឈ្មោះ ហេង វីនលី ហៅឌឿង អាយុ១៧ឆ្នាំ មានទីលំនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
បើតាមលោកមេបញ្ជាការ ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ហើយជនបង្កសារភាពថា មុនពេលកើតហេតុជនរងគ្រោះ កំពុងជិះម៉ូតូដើរលេងនៅចំណុចផ្លូវលំជើងភ្នំហាន់ជ័យ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ហើយពេលនេះជនរងគ្រោះមើលមុខក្រុមរបស់ខ្លួន ហើយខ្លួនគិតថាជនរងគ្រោះឌឺ ក៏ទាញដាវកាប់ប្រហារតែម្ដង។
ក្រោយឃាត់ខ្លួនកម្លាំងមន្ទីរយុត្តិធម៌នៃអាវុធហត្ថខេត្តកំពង់ចាម ដកហូតបាន ដាវសាំម៉ូរ៉ៃ១ដើម, ទូរស័ព្ទ២គ្រឿង និងម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ដែលជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព។ បច្ចុប្បន្នជនបង្កត្រូវបានអាវុធហត្ថជំនាញ កំពុងកសាងរឿងដើម្បីចាត់ការតាមច្បាប់៕