(ភ្នំពេញ)៖ គណបក្សហ្វ៊ុនស៊ិនប៉ិច បានចាប់ផ្តើមដករូបសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ចេញពីស្លាកសញ្ញាគណបក្ស ជាផ្លូវការហើយ ដើម្បីឲ្យសមស្របទៅតាមច្បាប់ស្តីពី គណបក្សនយោបាយថ្មី។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងអង្គសមាជវិសាមញ្ញរបស់ គណបក្សនេះ កាលពីម្សិលមិញ ហើយគេឃើញចាប់ផ្តើមកែប្រែរូបសញ្ញាជាបន្តបន្ទាប់ នៅតាមមូលដ្ឋាននៅថ្ងៃនេះ។

រូបសញ្ញាថ្មីរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចនេះ មានអក្សរបាលី «ឧម» ដែលមានប្រភពនៃអំណាច និងកាំរស្មីទាំង២៥ តំណាងឲ្យរាជធានី-ខេត្ត ទាំង២៥ នៅទូទាំងប្រទេស។

សមាជរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចនេះ បានធ្វើឡើងបន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មី នៅក្នុងប្រទេសកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់ ហើយចូលជាធរមាន។

គួរបញ្ជាក់ថា ច្បាប់គណបក្សនយោបាយថ្មីៗនេះ មិនអនុញ្ញាតឱ្យ គណបក្សនយោបាយណាមួយ នៅក្នុងប្រទេសកម្ពុជា ប្រើប្រាស់ឈ្មោះ ឬរូបរបស់ រូបវ័ន្តបុគ្គល នៅក្នុងឈ្មោះឬរូបសញ្ញា គណបក្សឡើយ។

ច្បាប់នេះ ក៏កំណត់មិនឱ្យ គណបក្សនយោបាយ ប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយ មិនត្រូវ យល់ព្រមដោយចំហរ ឬឃុបឃិតជាមួយ ទណ្ឌិតជាប់ទោស ធ្វ្វើសកម្មភាព ណាមួយ ដើម្បីជាប្រយោជន៍ខ្លួនផងដែរ៕