(ភ្នំពេញ)៖ លោក CAI XIAOMING អនុប្រធានសភាប្រឹក្សានយោបាយ ខេត្តជាំងស៊ី បានមកបំពេញទស្សនកិច្ចកងពលតូចលេខ៧០ នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីស្វែងយល់ពីកងពល និងបានលើកឡើងនូវការគាំទ្រ១០០ភាគរយ ចំពោះការបង្កើនគុណភាព នៃការបង្រៀនភាសាចិន ដែលបង្ហាញ នូវទំនាក់ទំនងយ៉ាងល្អរវាងកម្ពុជា-ចិន។
ក្នុងជំនួបកិច្ចពិភាក្សារវាង លោក CAI XIAOMING និងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ក្នុងនោះលោក CAI XIAOMING បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគាំទ្រទាំងស្រុង១០០ភាគរយ ទៅលើការបង្កើតថ្នាក់រៀនភាសារចិនរបស់វិទ្យាស្ថានខុសជឺ ដែលមានទីតាំងនៅក្នុង កងពលតូចលេខ៧០ ហើយខ្ញុំនឹងខិតខំបង្កើនគុណភាព នៃការបង្រៀនភាសារចិនដោយការបញ្ចូនគ្រូមកទីនេះ ទាំងសម្ភារៈក្នុងអគារទាំងអស់ ខាងខេត្តជាអ្នកទទួលបន្ទុកធ្វើយ៉ាងណាគាំទ្រ និងឧបត្ថម្ភជូនកងពល»។
លោកបន្ថែមទៀតថា នៅពេលដែលរីកចម្រើនទៅ លោកសង្ឃឹមថានឹងមានសិក្ខាកាម ដែលជានាយទាហាន ពលទាហាន នៅក្នុងទីបញ្ជាការដ្ឋាននេះ និងបានទៅបន្តការសិក្សា និងបានបំពេញទស្សនកិច្ច នៅក្នុងខេត្តជាំងស៊ី។ លោក CAI XIAOMING បានឲ្យដឹងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺមិនមែនសម្រាប់តែថ្នាក់ដឹកនាំនោះទេ គឺបានមានទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋរួមទាំងកងទ័ពផងដែរ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានលក្ខណៈមួយជាប់ជារៀងរហូតមិនដាច់។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានថ្លែងអំណរគុណដល់ ដល់ថ្នាកដឹកនាំខេត្តជាំងស៊ី របស់ប្រទេសចិន ដែលតែងតែគាំទ្រ និងផ្ដល់ការឧបត្ថម្ភដល់កងពលតូចលេខ៧០ ហើយលោកក៏បានប្រាប់ពីភារកិច្ច និងតួនាទីរបស់កងលេខ៧០ផងដែរ៕