(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យនេះ បានចោទប្រកាន់ជាសាធារណៈថាអ៊ីរ៉ង់ កំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង បន្ទាប់ពីទីក្រុងតេហេរ៉ង់ ធ្វើតេស្ដមីស៊ីលបញ្ឈឺលោក ត្រាំ សម្រាប់ការហៅអ៊ីរ៉ង់ថាជា​ «រដ្ឋយូកូង»នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។

កាលពីថ្ងៃសៅរ៍ ម្សិលមិញ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថាទីក្រុងតេហេរ៉ង់ បានបាញ់សាកល្បងមីស៊ីល Khorramshahr ផ្លោងដោយជោគជ័យអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ រត់បានចំងាយ២,០០០គីឡូម៉ែត្រ។ ជុំវិញការធ្វើតេស្ដនេះដែរ នៅលើបណ្ដាញ Twitter របស់ខ្លួន លោក ដូណាល់ ត្រាំបានសរសេរដូច្នេះថា៖ «អ៊ីរ៉ង់បានធ្វើតេស្ដមីស៊ីលផ្លោងមានសមត្ថភាព បាញ់ដល់អ៊ីស្រាអែល ហើយពួកគេ (អ៊ីរ៉ង់) ក៏កំពុងធ្វើកិច្ចសហប្រតិបត្តិការផងដែរជាមួយកូរ៉េខាងជើង... គ្មានកិច្ចព្រមព្រៀងដែលយើងត្រូវធ្វើទៀតនោះទេ»

គួររំលឹកថា កាលពីខែកក្កដា ឆ្នាំ២០១៥ ជាថ្នូរនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច អ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាច ៥+១ (មានសហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី ចិន បារាំង និងអាល្លឺម៉ង់)។ ក៏ប៉ុន្តែ ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ទំនាក់ទំនងរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ចាប់ផ្ដើមល្អក់កករឡើងវិញ បន្ទាប់ពីលោកត្រាំ គំរាមលុបចោលកិច្ចព្រមព្រៀងនេះ ក៏ដូចជាអនុម័តលើទណ្ឌកម្មថ្មីៗជាច្រើនប្រឆាំងនឹងអ៊ីរ៉ង់ ខណៈអ៊ីស្រាអែល ទះដៃសាទរសរសើរវិធានការ របស់លោកត្រាំ មិនដាច់ពីមាត់៕