(ក្រចេះ)៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកឆ្លូង បានបើកប្រតិបត្តិការ បង្រ្កាបករណីជួញដូរនូវ សាធាតុញៀន ដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន៦នាក់ ដកហូតថ្នាំញៀនបានចំនួន៣២កញ្ចប់តូចធំ នៅវេលាម៉ោង២១៖១៥នាទីយប់ នាថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។
នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះ ដោយអនុវត្តតាមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងលោក កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្តក្រចេះ ដឹកនាំសម្របសម្រួលនិតិវិធីដោយលោក ជា សុភក្រ័ ព្រះរាជអាជ្ញារង ទើបឈានទៅឃាត់ខ្លួនក្រុមជនសង្ស័យតែម្តង។
នគរបាលដដែល បានបន្ដថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១៖ ឈ្មោះ សារី ណាស៊ីត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទ,ទី២៖ ឈ្មោះសូទី អាលរីហ្វីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទ, ទី៣៖ឈ្មោះ ម៉ិន ពូក្រី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទ, ទី៤៖ ឈ្មោះ ម៉ីន រ៉ានី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកសិករ, ទី៥៖ឈ្មោះ ករី អះ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ពងមាន់អាំង ជនសង្ស័យ ទាំង៥នាក់នេះ រស់នៅភូមិកើតហេតុខាងលើ និងទី៦៖ ឈ្មោះ ហម ឡ ភេទ ស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមេផ្ទះរស់នៅភូមិភ្នុំខៀវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
វត្ថុតាងដកហូតបានវត្ដុតាងរួមមាន៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ចំនួន៣២កញ្ចប់ តូចធំ ទូរស័ព្ទចំនួន២គ្រឿង, ម៉តូចំនួន២គ្រឿង និងសម្ភារមួយចំនួនធំផងដែរ។
បច្ចប្បន្ន ជនសង្ស័យទាំង៦នាក់ រួមនឹងវត្ថុតាងត្រូវនគរបាលជំនាញបញ្ជូន ទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕