(ព្រះសីហនុ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ លោក គួន ចន្ថា ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុគ្គលិក សណ្ឋាគារ និងកាស៊ីណូវិមានខ្សាច់ស ចំនួន៣នាក់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលលេងបៀរបន្លំឲ្យភ្ញៀវឈ្នះ ដើម្បីយកលុយចែកគ្នា ហើយត្រូវបានម្ចាស់កាស៊ីណូដាក់ពាក្យបណ្ដឹង។
តាមដីកាបង្គាប់របស់លោកចៅក្រមស៊ើបសួរ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បញ្ជាក់ថា បុគ្គលិកកាស៊ីណូវិមានខ្សាច់ស ទាំង៣នាក់នេះ ទី១៖ឈ្មោះ YAO FENGYU អាយុ៤២ឆ្នាំ ជនជាតិចិន, ទី២៖ឈ្មោះ នាក់ វិច្ឆិកា អាយុ១៩ឆ្នាំ និងទី៣៖ឈ្មោះ ផាន់ ប្រុសពៅ អាយុ២៣ឆ្នាំ ហើយអ្នកទាំង៣នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ «ឆបោក» តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា ជនទាំង៣នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់បានទទួលពាក្យបណ្ដឹង ពីម្ចាស់សណ្ឋាគារ និងកាស៊ីណូវិមានខ្សាច់ស៕