(ញូវយ៉ក)៖ ថ្លែងជា២ភាសាទាំងអង់គ្លេសនិងបារាំង ចេញពីទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ទីដែលអង្គការសហប្រជាជាតិរៀបចំមហាសន្និបាត, ប្រមុខដឹកនាំ ការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងប្រាប់ពិភពលោកថា ការ​ជ្រើស​រើស​ផ្លូវ​ដើរ​តាម​ការ​កំណត់​របស់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់។ ប្រមុខ​ដឹកនាំបរទេស​កម្ពុជា បានសង្កត់​ធ្ងន់​ថា បញ្ហាសិទ្ធិ ប្រជាធិបតេយ្យគ្រាន់តែជាលេសមួយដើម្បីបរទេសលូកដៃ ចូលកិច្ចការផ្ទៃរបស់កម្ពុជា ធ្វើឲ្យប្រទេសធ្លាក់ ចូលគ្រោះមហន្តរាយ។

«ប្រវត្តិសាស្ត្រ​បាន​បង្រៀន​កម្ពុជា​​​ថា ការ​ជ្រើស​រើស​ផ្លូវ​ដើរ​តាម​ការ​កំណត់​របស់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់ ហើយការ​អនុវត្ត​​ខ្លះ​ពី​ខាង​ក្រៅ ជា​រឿយ​ៗ​បាន​ក្លាយ​ទៅ​ជា​បញ្ហា មិន​មែន​ជា​ដំណោះ​ស្រាយ​នោះ​ទេ​» នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន។ (សូមស្តាប់ការថ្លែងរបស់លោកនៅខាងក្រោម)

លោក ប្រាក់ សុខុន បានថ្លែង​រយៈ​ពេលជាង​​១៦នាទី កាល​ពីថ្ងៃ​ទី​២២​ ខែកញ្ញា​​ ឆ្នាំ២០១៧កន្លងទៅថ្មីៗ បាន​គូស​បញ្ជាក់​ច្បាស់​ៗ​ថា បញ្ហាសិទ្ធិប្រជាធិបតេយ្យ គ្រាន់តែជាលេសមួយដើម្បីបរទេសលូកដៃ ចូលកិច្ចការផ្ទៃរបស់កម្ពុជា ធ្វើឲ្យប្រទេសធ្លាក់ចូលគ្រោះមហន្តរាយ។

រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ខ្មែរ បាន​លើក​ឡើង​ថា ថ្មី​ៗ​នេះកម្ពុជា​ត្រូវ​រង​ការ​វាយ​ប្រហារ​ដោយ​សារ​តែ ខ្លួន​បិទ​វិទ្យាស្ថាន​អន្ដរជាតិ​មួយ​ដែល​មាន​ចេតនា​គាំទ្រ​បក្ស​ប្រឆាំង​និង​រំលោភ​ច្បាប់, ប្រាប់​ឲ្យ​កាសែត​បង់​ពន្ធ​​ជូន​រដ្ឋ និង​ចាប់​ខ្លួន​មន្ដ្រី​បក្ស​ប្រឆាំង​ម្នាក់​ដែល​សារភាព​ថា ​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​មហា​អំណាច ដើម្បី​ផ្ដួល​រំលំរដ្ឋាភិបាល​។ ចំពោះ​រឿង​អស់​នេះ ​លោក​រដ្ឋ​មន្ដ្រី​ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​ប្រទេស​ណា ដែល​អត់ឱនឲ្យ​​នោះ​?

ប្រមុខ​ដឹកនាំបរទេស​កម្ពុជា បានសង្កត់​ធ្ងន់​ថា ​​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នេះ ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​គោលដៅ​នយោបាយ​ ហើយ​កម្ពុជា​បាន​រង​គ្រោះ​ដោយ​សារ​បញ្ហា​នេះ ​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ។ រង​គ្រោះ​ព្រោះ​តែ​សេចក្ដី​រាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ដែល​តែង​តែ​សរសេរ​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា ដោយ​គ្មាន​ការ​វិនិច្ឆ័យ, ថ្កោល​ទោស​រដ្ឋាភិបាល ហើយ​លើក​តម្កើង​បក្ស​ប្រឆាំង​ថា​ជា​អ្នក​គោរព​សិទ្ធិ​មនុស្ស​។ ប៉ុន្តែចំពោះ​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​របស់​បក្ស​ប្រឆាំង​វិញ គេ​មិន​ដែល​មាន​ឃើញ​មាន​សរសេរ​នៅ​ក្នុង​របាយការណ៍​នោះឡើយ​ បើ​ទោះ​បី​ជា​បក្ស​ប្រឆាំង​នោះ ពន្យុះ​ឲ្យ​ពលរដ្ឋ​ទៅ​ដក​បង្គោល​ព្រំដែន ញុះញង់​បង្កើត​ភាព​ស្អប់​ខ្ពើម​ជាតិសាសន៍ និង​ផ្សព្វផ្សាយ​សន្ធិសញ្ញា​ព្រំដែន​ក្លែងក្លាយ​ក៏​ដោយ​។

សូមជំរាបថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កបានថ្លែងសុន្ទរកថា «ក្នុងនាមប្រធានាធិបតីសហរដ្ឋអាមេរិក ជានិច្ចកាលខ្ញុំតែងតែតម្តល់ផលប្រយោជន៍អាមេរិកមុនគេបង្អស់។ គឺដូចទៅនឹង អ្នកទាំងអស់គ្នាក្នុងនាមជាមេដឹកនាំរបស់ប្រទេសអ្នក គឺត្រូវតែគិតគូរពីផលប្រយោជន៍ប្រទេសអ្នកមុនគេបង្អស់ដែរ»។ ការថ្លែងសុន្ទរកថារបស់លោក ដូណាល់ ត្រាំ នេះត្រូវបានមេដឹកនាំជាង១០០ប្រទេសដែលមានវត្តមានបានទះដៃ អបអរសាទរបង្ហាញពីការគាំទ្រ៕

{IfMobile}

{ElseMobile}

 

{EndIfMobile}