(កំពត)៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ ស្ដីពីប្រតិបត្តិការរុះរើជាបន្ទាន់ លើការផ្លាស់ប្ដូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្ដ្រ «ឋានសូគ៌បូកគោ» ទៅជា «សុខាឋានសួគ៌» ដោយក្រុមហ៊ុនសុខាអូតែល បន្ទាប់មានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ក៏បានឲ្យដឹងថា ចំពោះការផ្លាស់ប្ដូរឈ្មោះ តំបន់រមណីយដ្ឋានឋានសួគ៌បូកគោ ដោយក្រុមហ៊ុនសុខាអូតែល ជាឯកតោភាគីនេះ រដ្ឋបាលខេត្តកំពត សូមមិនធ្វើការគាំទ្រជាដាច់ខាត ព្រោះជាតំបន់ប្រវត្តិសាស្ដ្ររបស់ប្រទេសកម្ពុជា ដូចមានចែងតាមរយៈសេចក្ដីបំភ្លឺរបស់ក្រសួងបរិស្ថានលេខ ៩៣៥ សជណ ប.ស្ថ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។
រដ្ឋបាលខេត្តបញ្ជាក់ថា ចំពោះការរុះរើនេះមាន ការដោះស្លាកឈ្មោះថ្មីក្លោងទ្វារឡើងទៅរមណីយដ្ឋាន ការបញ្ជាឲ្យលុបនូវស្លាកប៉ាណូផ្សព្វផ្សាយក្នុងសណ្ឋាគារ និងតាមដងផ្លូវក្នុងតំបន់រមណីយដ្ឋានផងដែរ។
សូមជំរាបថា នៅវេលាម៉ោង៩ព្រឹកថ្ងៃនេះ អភិបាលខេត្តកំពត លោក ចាន់ ចេស្តា រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ បានទៅដល់ទីតាំងខ្លោងទ្វារនៃ រមណីយដ្ឋានឋានសួគ៌បូកគោ នៅខេត្តកំពត ដើម្បីដកស្លាកឈ្មោះថ្មី ដែលក្រុមហ៊ុនសុខាផ្លាស់ប្តូរ ដោយគ្មានការអនុញ្ញាត ហើយធ្វើឲ្យបាត់អត្តសញ្ញាណដើមរបស់ប្រវត្តិសាស្រ្ត ក្រោយមកប្រហែលជាង១ម៉ោងសកម្មភាពរុះរើនោះត្រូវបានបញ្ចប់ជាស្ថាពរ។
ការចុះទៅធ្វើប្រតិបត្តិការដកស្លាកឈ្មោះថ្មីរបស់ រមណីយដ្ឋានឋានសួគ៌បូកគោនេះ បានធ្វើឡើងបន្ទាប់ពីមានបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបង្គាប់ឲ្យអភិបាលខេត្តកំពត ទៅដកស្លាកថ្មីរបស់រមណីយដ្ឋាន ឋានសួគ៌បូកគោ ដែលដាក់ថា «រមណីយដ្ឋានសុខាឋានសួគ៌» នោះជាបន្ទាន់ ក្រោយពីមានប្រតិកម្មយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ៕