(ប៉េកាំង)៖ ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណៈប្រតិភូក្រសួង ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញារដ្ឋចិន (CIPTC) និងស្ថាប័នកម្មសិទ្ធិបញ្ញារដ្ឋចិន (SIPO) ដើម្បីស្វែងយល់កាន់តែច្បាស់ពីវិស័យកម្មសិទ្ធិបញ្ញានៃប្រទេសចិន។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការអំពីកម្មសិទ្ធិបញ្ញា រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម កម្ពុជា និងស្ថាប័នកម្មសិទ្ធិបញ្ញារដ្ឋចិន (SIPO) ដើម្បីពង្រឹងកិច្ចការការពារកម្មសិទ្ធិបញ្ញារវាប្រទេសទាំងពីរ និងទទួលស្គាល់ patent ដែលបានការពារកម្មសិទ្ធបញ្ញានៅប្រទេសចិនមកការពារកម្មសិទ្ធបញ្ញានៅកម្ពុជា ដែលការចុះ MOU នេះនឹងក្លាយជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគពីបរទេសមកកម្ពុជា ជាពិសេសគឺវិនិយោគិនចិនបន្ថែមទៀត។

បន្ទាប់មក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ បានធ្វើទស្សនកិច្ចនៅ local IP institute ក្នុងទីក្រុងប៉េកាំងដើម្បីពិនិត្យមើលការគ្រប់គ្រងដំណើរការផលិតបច្ចេកវិទ្យា និងកិច្ចការពារកម្មសិទ្ធិបញ្ញានៅក្នុងវិទ្យាស្ថាននោះ។

នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយលោក WANG yong ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារកម្ម សទ្ធិទ្រព្យសម្បត្តិរដ្ឋ និងកម្មសិទ្ធិបញ្ញា ដោយបានពិភាក្សាពីប្រវត្តិនៃចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដែលមានប្រវត្តិជាយូលង់ណាស់មកហើយ ភាគីចិនបានកោតសរសើរនូវគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្ត្រីិ ចម ប្រសិទ្ធ ក្នុងការរៀបចំអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកម្មសទ្ធិបញ្ញា រវាង ក្រសួងឧស្សាហកម្ម និងសិប្បកម្ម កម្ពុជា & SIPO នៃប្រទេសចិន ហើយនឹងខិតខំប្រឹងប្រែងជម្រុញវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាឲ្យមានការជឿនលឿន ក្នុងការទាក់ទាញវិនិយោគគិនចិន ចូលវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង៕