(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះការភ្ញាក់ផ្អើល និងប្រតិកម្មយ៉ាងខ្លាំង ចំពោះការប្តូរឈ្មោះរមណីយដ្ឋាន «បូកគោ» ទៅជារមណីយដ្ឋាន «សុខា» ពីសំណាក់ក្រុមហ៊ុនសុខា របស់អ្នកឧកញ៉ា សុខ គង់ ហើយនោះ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអភិបាលខេត្តកំពត លោក ចាន់ ជេស្ដា ទៅរុះរើភ្លាមៗជាបន្ទាប់ ហើយធ្វើឲ្យប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងផងដែរ។
ជាមួយនឹងការសាទររបស់ប្រជាពលរដ្ឋកម្ពុជានេះ ប្រមុខដឹកនាំក្រសួងទេសចរណ៍ លោក ថោង ខុន ដែលតំណាងឲ្យស្ថាប័នក្រសួងទាំងមូលនោះ បានរយៈបណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ក៏បានចេញមកប្រកាសគាំទ្រនូវចំណាត់ការ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកំណត់ឲ្យរុះរើស្លាកសញ្ញានោះចេញ ដោយរក្សាទុកឈ្មោះប្រវត្តិសាស្ដ្រដដែល គឺ «រមណីយដ្ឋាន ឋានសួគ៌បូកគោ»។
រដ្ឋមន្ដ្រីក្រសួងទេចរណ៍ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទសូមគាំទ្រទាំងស្រុងចំពោះចំណាត់ការទប់ស្កាត់ការប្តូរឈ្មោះ រមណីយដ្ឋាន ឋានសួគ៌បូគោ ទៅជា រមណីយដ្ឋាន សុខាស្ថានសួគ៌ ដែលឈ្មោះថ្មីនេះគេមិនឃើញមានឈ្មោះ បូកគោ ទៀតទេ ដែលអាចធ្វើឲ្យរមណីយដ្ឋានទេចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិដ៏ល្បីល្បាញ និងទាក់ទាញនៅភាគនិរតី នៃប្រទេសមួយនេះ អាចត្រូវបាត់ពីបញ្ជីប្រវត្តិសាស្ត្រ នៃរមណីយដ្ឋានទេសចរណ៍ ដ៏ទាក់ទាញក្នុងតំបន់ និងពិភពលោក»។
លោក ថោង ខុន បានឲ្យដឹងថា កន្លងមកក្នុងក្របខណ្ឌ នៃការឃោសនាផ្សព្វផ្សាយទេសចរណ៍ ទាំងក្នុងក្របខណ្ឌ «តារារះនាទិសនិរតី» ក្តី «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈក្តី» ក៏ដូចជាក្នុងក្របខ័ណ្ឌវិនិយោគ ហើយសូម្បីក្នុងបទចំរៀងទេសចរណ៍ ក៏តែងប្រើជាទូទៅឈ្មោះ «រមណីយដ្ឋានឋានសួគ៌បូកគោ» នេះ ហើយដែលត្រូវបាន និងកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ពីទេសចរជាតិ និងអន្តរជាតិ ព្រោះថាផលិតផលទេសចរណ៍ដ៏ល្អមួយនេះ កំពុងក្លាយជាមេដែក (Magnet) ស្រូបទាញទេសចរ នៅភូមិភាគនិរតីនៃប្រទេស ដែលសូម្បីប្រទេសជិតខាងក៏មិនអាចមានដែរ។
ប្រមុខដឹកនាំក្រសួងទេចរណ៍ បន្ថែមថា គំរោងសាងសង់កំពង់ផែទេសចរណ៍ថ្មី ក្នុងខេត្តកំពត គឺដើម្បីជួយដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្នុងរបៀងខាងត្បូង (Southern Corridors) នៃក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) ក្នុងនោះក៏មានប្រយោជន៍សំខាន់ ដល់ការជួយអភិវឌ្ឍន៍ដល់ រមណីយដ្ឋានឋានសួគ៌បូកគោ នេះផងដែរ ហើយកន្លងមករមណីយដ្ឋានឈ្មោះ «ឋានសួគ៌បូគោ» នេះធ្លាប់បានទទួលប័ណ្ណសរសើរពីក្លឹបឆ្នេរស្អាតបំផុតលើ ពិភពលោកកាលពីឆ្នាំ២០១៣ ថាជា «រមណីយដ្ឋានមួយដែលស្អាត គ្មានថង់ផ្លាស្ទីក» និងរង្វាន់សរសើរ «ធុរកិច្ចបៃតងរបស់សម្តេចតេជោ Samdech Techo Prime Minister Eco Business Awards» កាលពីឆ្នាំ២០១៤ផងដែរ។
ដូចនេះការប្តូរឈ្មោះគោលដៅ ឬផលិតផលទេសចរណ៍ល្បីៗ ជាប្រវត្តិសាស្ត្រដូចនេះ គឺគេកម្រធ្វើណាស់ ហើយដែលចាំបាច់ត្រូវស្នើសុំការអនុញ្ញាតយល់ព្រម ពីរាជរដ្ឋាភិបាល ឬរដ្ឋសភា តាមសំណើរបស់ស្ថាប័នមានសមត្ថកិច្ច ដែលត្រូវជជែកពិភាក្សាគ្នាដោយហ្មត់ចត់ផងដែរ។ ម្យ៉ាងទៀត រមណីយដ្ឋាននេះក៏ក្នុងតំបន់ «ឧទ្យានជាតិ បូកគោ» ដែលកំនត់ដោយព្រះរាជក្រឹត្យផងទៀត។
សូមជំរាបថា នៅវេលាម៉ោង៩ព្រឹកថ្ងៃនេះ អភិបាលខេត្តកំពត លោក ចាន់ ចេស្តា រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ បានទៅដល់ទីតាំងខ្លោងទ្វារនៃ រមណីយដ្ឋានឋានសួគ៌បូកគោ នៅខេត្តកំពត ដើម្បីដកស្លាកឈ្មោះថ្មី ដែលក្រុមហ៊ុនសុខាផ្លាស់ប្តូរ ដោយគ្មានការអនុញ្ញាត ហើយធ្វើឲ្យបាត់អត្តសញ្ញាណដើមរបស់ប្រវត្តិសាស្រ្ត ក្រោយមកប្រហែលជាង១ម៉ោងសកម្មភាពរុះរើនោះត្រូវបានបញ្ចប់ជាស្ថាពរ។
ការចុះទៅធ្វើប្រតិបត្តិការដកស្លាកឈ្មោះថ្មីរបស់ រមណីយដ្ឋានឋានសួគ៌បូកគោនេះ បានធ្វើឡើងបន្ទាប់ពីមានបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបង្គាប់ឱ្យអភិបាលខេត្តកំពត ទៅដកស្លាកថ្មីរបស់រមនីយ៍ដ្ឋាន ឋានសួគ៌បូកគោ ដែលដាក់ថា «រមណីយដ្ឋានសុខាឋានសួគ៌» នោះជាបន្ទាន់ ក្រោយពីមានប្រតិកម្មយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «សូមអរគុណបងប្អូនជនរួមជាតិដែលបានឲខ្ញុំដឹងពីការដូរឈ្មោះ រមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេងដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹងនិងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជាឲ្យអភិបាលខេត្តកំពត ទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត»៕