(កំពង់ធំ)៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់ឲ្យថ្នាក់ដឹកនាំ នាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួង យកអំណោយជូនចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រ នៅឃុំក្ដីដូង ស្រុកកំពង់ស្វាយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ។
ការចុះប្រគល់អំណោយនេះ នាយកដ្ឋានសុខុមាលភាពសង្គម សហការជាមួយមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ រដ្ឋបាលឃុំក្តីដូង បាននាំយកអំណោយជូនលោកយាយ ប៉ែន ជន អាយុ៨២ឆ្នាំ រសនៅភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ រួមមាន មុង១, ភួយ១, ត្រីខ, ១យួរ, ទឹកស៊ីអ៊ីវ១យួរ, នំធុង១, មី២កេស, ទឹកផ្លែឈើ១កេស, ស្កសរ២គីឡូក្រាម និងថវិកា២,៨០០,០០០រៀល។
ក្រៅពីនេះក្រុមការងារ ក៏បាននាំយកថវិកា និងអំណោយជូនគ្រួសារពិការក្រីក្រ១គ្រួសារ មានអង្ករ៥០គីឡូក្រាម, ស្កសរ, មី, ត្រីខ និងថវិកា៤០០,០០០រៀល គ្រួសារចាស់ជរាគ្មានទីពឹងចំនួន៣គ្រួសារ ក្នុង១គ្រួសារថវិកា១៥០,០០០រៀលផងដែរ។
ប្រជាពលរដ្ឋ និងក្រុមការងារ បានថ្លែងអំណរគុណដល់ លោករដ្ឋមន្ដ្រី វង សូត និងសប្បុរសជនទាំងអស់ ចំពោះសមាណចិត្ត ក្នុងការជួយឧបត្ថម្ភតាមរយៈ នាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួង ហើយក្រុមការងារបន្តស្វាគមន៍ក្នុងការទទួលជំនួយសង្គ្រោះសម្រាប់បងប្អូនប្រជាជន ដែលមានជីវភាពលំបាកនៅគ្រប់ទីកន្លែងក្នុងកម្ពុជា៕