(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានសាខាកាកក្រហមខេត្ត និងលោកស្រី នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី ដែលស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ដែលផ្ដើមចេញពីគំនិតផ្ដួចផ្ដើម និងថវិកាផ្ទាល់របស់លោក។
ពិធីនេះក៏មានការចូលរួមពី អ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ព្រមទាំងលោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងមន្ដ្រីរាជការ ប្រជាពលរដ្ឋតំណាងឃុំទាំង៦ក្នុងស្រុកបន្ទាយស្រី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស សរុបជាង៥០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ការសាងសង់អគារស្នាក់ការនេះឡើង គឺស្របតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា និងស្របតាមគោលការគ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
លោកបន្តថាស្នាក់ការនេះ នឹងប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របបាវចនា «ធ្វើឲ្យកាន់តែច្រើនជាងមុន ធ្វើឲ្យកាន់តែល្អជាងមុន ធ្វើឲ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យកាន់តែឆ្ងាយជាងមុន» ម្យ៉ាងវិញទៀតដើម្បី ចូលរួមអនុវត្តន៍យុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះបានកំណត់ទស្សនៈវិស័យ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌ របស់ជនរងគ្រោះ។
លោក ឃឹម ប៊ុនសុង បន្ថែមថា សាខាកាកបាទក្រហមខេត្ត បានយកចិត្តទុកដាក់បំពេញបេសកម្មមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤គឺ ការគ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា, ការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស។
ជាមួយគ្នានេះដែរ សប្បុរសជនដែលអញ្ញើញមកក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រីនេះ បានចូលរួមថវិកា សរុបប្រមាណ៤,២២០ដុល្លារ និង៩០ម៉ឺនរៀល ប្រគល់ជូនអនុសាខាស្រុកបន្ទាយស្រី ដើម្បីចាត់ចែង និងទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួន៕