(ភ្នំពេញ)៖ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ចេញសេចក្ដីថ្លែងការណ៍ជុំវិញនីតិវិធីរបស់សាលាឧទ្ធរណ៍ ដែលនឹងបើកសវនាការ នៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ ដោយមិនអនុញ្ញាតឲ្យលោក កឹម សុខា ចូលរួមដើម្បីដេញដោលលើបណ្ដឹងរបស់ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្ន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានលោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា ការសម្រេចឲ្យជនត្រូវចោទ និងគូភាគីបង្ហាញខ្លួន ឬមិនបង្ហាញខ្លួន ជាសិទ្ធិរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍។
ការចេញសេចក្ដីថ្លែងការណ៍នេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ មិនពេញចិត្តចំពោះការមិនអនុញ្ញាតឲ្យលោក កឹម សុខា ចូលរួមក្នុងសវនាការ នៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ។ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា «ការចាប់ខ្លួន និងឃុំខ្លួនឯកឧត្តម កឹម សុខា ដែលជាអ្នកតំណាងរាស្ដ្រមានអភ័យឯកសិទ្ធិសភា ជាទង្វើខុសច្បាប់ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើមាត្រា៨០នៃរដ្ឋធម្មនុញ្ញ ហើយការណ៍ដែលមិនអនុញ្ញាតឲ្យលោក កឹម សុខា ចូលរួមសវនាការ នឹងធ្វើឲ្យលទ្ធផលនៃការជំនុំជម្រះមិនត្រឹមត្រូវតាមច្បាប់ផងទៀត»។
ឆ្លើយតបភា្លមៗជាមួយនឹងសេចក្ដីថ្លែងការណ៍បែបនេះ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញមកអះអាងថា «តាមផ្លូវច្បាប់សវនាការមុន អង្គសេចក្តីទាក់ទងរឿងឃុំខ្លួន ជាសវនាការអសាធារណៈ ហើយបើយោងតាមមាត្រា២៦០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ សភាស៊ើបសួរសាលាឧទ្ទរណ៍ជាអ្នកសម្រេច ឲ្យជនត្រូវចោទ និងគូភាគីបង្ហាញខ្លួន ឬមិនបង្ហាញខ្លួន ក្នុងសវនាការមុនអង្គសេចក្តីនេះ»។
មន្ដ្រីអ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែលរូបនេះ បញ្ជាក់ថា «អវត្តមានជនត្រូវចោទក្នុងសវនាការអសាធារណៈ ទាក់ទងសំណុំរឿងឃុំខ្លួន ដែលជាសំណុំរឿងមុនអង្គសេចក្តី គឺមិនខុសច្បាប់ និងមិនប៉ះពាល់ដល់សិទ្ធិការពារខ្លួនរបស់ជនត្រូវចោទនោះ។ ករណីដូចនេះគឺធ្លាប់មាននៅក្នុងការអនុវត្តកន្លងមកច្រើនមកហើយ»។
សូមជំរាបថា លោក កឹម សុខា ត្រូវបាន លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនិងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលបទល្មើសនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕