(បាត់ដំបង)៖ ថ្នាក់ដឹកនាំខេត្តបាត់ដំបង នាំអំណោយមនុស្សធម៌របស់ក្រុមហ៊ុនវ័ងឆាង អ៊ិនវេសមិន ឯ.ក យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង អ្នកផ្ទុកនិងកើតជំងឺអេដស៍ចំនួន៣,១១១គ្រួសារ នៅឃុំភ្នំសំពៅ ស្រុកបាណន់ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងបរិវេណសាលាបឋមសិក្សាសម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមវត្តមានលោក ច័ន្ទ សុផល អភិបាលខេត្ត, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោកឧត្តមសេនីយ៍ឯក ហែម ថេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ និងតំណាងក្រុមហ៊ុនវ័ងឆាវ អ៊ិនវេសមិន ឯ.ក ដោយលោកស្រី គុណ ខេង ហែមថេង អនុប្រធានក្រុមការងារថ្នាក់ជាតិស្រុកបាណន់ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ ប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក ហែម ថេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ បានឲ្យដឹងថា ជាច្រើនឆ្នាំមកហើយដែលក្រុមការងាររបស់លោក តែងបានចុះជួយអភិវឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ ជូនប្រជាពលរដ្ឋជាប្រចាំ រហូតដល់មានការរីកចម្រើនដល់សព្វថ្ងៃ តែទោះជាយ៉ាងណាការខ្វះខាត និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅតែទទួលយកអំណោយមនុស្សធម៌នានា ដើម្បីបំពេញតម្រូវការរបស់ខ្លួនជាបន្តបន្ទាប់ទៀត។
លោកឧត្តមសេនីយ៍ឯក ហែម ថេង បានបន្តថា ដោយមើលឃើញភាពខ្វះខាត និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាក់ស្តែងថ្ងៃនេះ តំណាងក្រុមហ៊ុនវ័ងឆាវ អ៊ិនវេសមិន ឯ.ក លោកស្រី គុណ ខេង ហែមថេង និងសមាជិកក្រុមហ៊ុនជាច្រើនរូប បានជូនជាអំណោយតាមរយៈក្រុមការងារថ្នាក់ជាតិ និងលោកអភិបាលខេត្ត ដោយបានជូនអំណោយដល់ប្រជាពលរដ្ឋទាំង៣,១១១គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, ភួយថៃ១, មុងថៃ១, សារ៉ុងថៃ១, ក្រមា១ ថវិកា២ម៉ឺនរៀល និងឧបត្ថម្ភអង្គភាពស្ថាប័នមួយចំនួន។
លោក ច័ន្ទ សុផល អភិបាលខេត្តតំណាងសម្តេចក្រឡាហោម ស ខេង បានសម្តែង និងថ្លែងអំណគុណដល់ ប្រតិភូក្រុមហ៊ុនវ័ងឆាវ អ៊ិនវេសមិន ឯ.ក ដែលជាដៃគូរអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល បានលះបង់ថវិកាក្រុមហ៊ុនមួយចំនួនធំ ធ្វើជាអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលនេះជាវប្បធម៌មួយដ៏ល្អមួយ ដែលបានដឹងសុខទុក្ខនូវការលំបាក និងបានរួមចំណែកជួយប្រជាពលរដ្ឋកន្លងមកក៏ដូចជាពេលនេះ។
អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងមន្រ្តីជំនាញក្រោមឱវាទ បានខិតខំប្រឹងប្រែងចុះជួយដោះស្រាយគ្រប់ទីកន្លែក្នុងខេត្ត ពីបញ្ហាការលំបាករបស់ប្រជាពលរដ្ឋលើគ្រប់វិស័យជាបន្តបន្ទាប់ កន្លងមកនិងបន្តបម្រើប្រជាពលរដ្ឋឈានទៅរកការរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងភាពលំបាកគ្រប់បែបយ៉ាងឲ្យកាន់តែស្រួលជាងមុន និងទៅអនាគត៕