(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់មិនអាជីពដណ្ដើមពានរង្វាន់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី១ បានរកឃើញក្រុមជើងខ្លាំង ៤ក្រុម ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ រួមមានក្រុមអាណាចក្របៃតង, សម្ព័ន្ធយុវជនមូស្លីមកម្ពុជា, Old Town Garden និងក្រុមពិស្ណុការ គ្រាដែលកម្មវិធីប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខ ។

មុនឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៣ ខែកញ្ញានេះ គណៈកម្មការរៀបចំពានមិនអាជីពខាងលើ បានបន្ដរៀបចំកម្មវិធីចាប់គូប្រកួតហើយដែរ ក្នុងនោះក្រុមពិស្ណុការ ត្រូវជួបក្រុមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា និងក្រុមអាណាចក្របៃតង់ ត្រូវជួបក្រុម Old Town Garden ខណៈការប្រកួតដែលគ្រោងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ ត្រូវលើកមកបន្ដការប្រកួតលើទីលានស្ដាតចាស់តែមួយគត់ ។

ប៉ុន្ដែទន្ទឹមនឹងការចាប់គូប្រកួតខាងលើ ក៏មិនខុសកាលពីចាប់គូប្រកួតវគ្គ ៨ក្រុមចុងក្រោយដែរ ដោយលោក ថុល នាង ទីប្រឹក្សារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងជាប្រធានមន្ទីរការងារខេត្តកណ្ដាល ដែលផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍នេះ បានប្រជុំពិភាក្សារកកង្វះខាតក្នុងការប្រកួតកន្លងមក ដើម្បីជំរុញឲ្យការប្រកួតពានរង្វាន់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន រដូវកាលទី១ ទទួលបានផ្លែផ្កាល្អប្រសើរ ។

មិនតែប៉ុណ្ណោះ ប្រធានគណៈកម្មការរៀបចំការប្រកួតដដែលរូបនេះ ក៏បានបង្ហើបពីគម្រោងដ៏ធំមួយ សម្រាប់ការរៀបចំពាននារដូវកាលក្រោយផងដែរ ។ លោកបញ្ជាក់ថា រដូវកាលទី១ នេះលោកមិនគម្រោងជ្រើសរើសកីឡាករឆ្នើមមួយក្រុម សម្រាប់ចូលរួមប្រកួតពាន Soccer League និងលីគលំដាប់ទី២ តែដោយសារកាលៈទេសៈមិនអំណោយផលល្អ លោកក៏សម្រេចលើកគម្រោងនេះទៅឆ្នាំក្រោយ ដើម្បីចូលរួមបង្កើតធនធានកីឡាករកម្រិតអាជីពនៅកម្ពុជាកាន់តែច្រើន ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ឆ្នាំ២០១៧នេះ ក្រុមដណ្ដើមបានជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ២៥លានរៀល, លេខ២ ទទួលបានប្រាក់រង្វាន់ ២០លានរៀល និងលេខ៣ ទទួលបាន ១៥លានរៀល ។ លើសពីនេះ ក៏មានប្រាក់រង្វាន់ សម្រាប់លើកទឹកចិត្តក្រុមលេងបានល្អជាងគេ ឬ Fair-Play, អ្នកស៊ុតចូលទីច្រើនជាងគេ អ្នកចាំទីល្អ និងកីឡាករល្អថែមទៀតផង ៕