(ភ្នំពេញ)៖ លោក គុជ គីមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាកោះហៅ ព្រះតេជគុណ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀង និងលោក មឿន តុលា ពាក់ព័ន្ធបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត តាមពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។

តាមដីកាកោះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បញ្ជាក់ថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានកំណត់ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងនៅថ្ងៃទី១១ ខែតុលា, លោក ប៉ា​ ងួនទៀត និងលោក មឿន តុលា ត្រូវកំណត់ឲ្យចូលទៅបំភ្លឺថ្ងៃ០៩ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។

សូមជម្រាបថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ លោក ពេជ្រ ស្រស់ ​បាន​ចូលទៅ​បំភ្លឺពីដំណើររឿង «ស្វែងរកការពិតលើប្រាក់បច្ច័យ បានមកពីការចូលបុណ្យសព លោកបណ្ឌិត កែម ឡី» តាមការកោះហៅរបស់​ព្រះរាជអាជ្ញារង គុជ គឹមឡុង រួចរាល់ផងដែរ។

​សូមរំលឹកថា កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីពិភាក្សាជាមួយអ្នកច្បាប់រួចរាល់ហើយ, លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្តឹងដោយស្នើឲ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ស៊ើបអង្កេតស្វែងរកការពិតលើគណៈកម្មការមុន ចំពោះថវិកាដែលបងប្អូនប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ចូលបុណ្យសពលោកបណ្ឌិត កែម ឡី។​

នៅក្នុងពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេររៀបរាប់យ់ាងដូចេ្នះថា «ក្នុងនាមខ្ញុំជា យុវជនខ្មែរមួយរូប ដែលតែងតែគោរព ស្រលាញ់ លោកបណ្ឌិត កែម ឡី ប៉ុន្តែជាអកុសលត្រូវឃាតករគ្មានចិត្តមេត្តា បានវាយប្រហារ សម្លាប់លោកបណ្ឌិត កែម ឡី នៅកណ្តាលទីក្រុងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។ ក្រោយពីលោកបណ្ឌិតបានស្លាប់ គឺការរៀបចំពិធីបុណ្យតាមប្រពៃណីខ្មែរត្រឹមត្រូវនៅបរិវេណវត្តចាស់ រាជធានីភ្នំពេញ ដោយមានចាត់តាំង គណៈកម្មការបុណ្យ សពច្បាស់លាស់។ ប៉ុន្តែអ្វីដែលជាព័ត៌មានអកុសលបន្ថែមមួយទៀតនោះគឺមានការសង្ស័យថា លុយបុណ្យសពដែល បងប្អូនចូល បច្ច័យនាពេលកន្លង មកនោះដែលស្ថិតក្នុងការគ្រប់គ្រងរបស់គណៈកម្មការបុណ្យ បានធ្វើឲ្យអ្នកចូលរួមបុណ្យខកចិត្តនិងធ្វើក្រុម គ្រួសារលោកបណ្ឌិត កែម ឡី ជួបការលំបាកខ្វះខាតថវិកា ចំណាយផ្សេងៗ ជាពិសេសខ្វះខាតថវិកាចំណាយលើ ការសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី តែម្តង»

នៅក្នុងពាក្យបណ្ដឹងបានសរសេរទៀតថា «ក្នុងន័យនេះ ក្នុងនាមខ្ញុំជាយុវជនមួយរូប ដែលតែងតែគោរព ស្រលាញ់ លោកបណ្ឌិត កែម ឡី សូមស្នើរដល់ ឯកឧត្តមព្រះរាជអាជ្ញា មេត្តាបើកការស៊ើបអង្កេតស្វែងរក ការពិតលើប្រាក់បច្ច័យបានមកពីការចូលបុណ្យសពលោកបណ្ឌិត កែម ឡី កន្លងមកដែលគ្រប់គ្រងដោយ គណៈកម្មការបុណ្យសព ដោយក្តីអនុគ្រោះ ដើម្បីផ្តល់យុត្តិធម៌ ដល់អ្នកចូលបុណ្យសព និងដើម្បីភាពស្អាតស្អំសង្គម កុំឲ្យតម្លៃព្រះពុទ្ធសាសនា ធ្លាក់ចុះតាមរយៈបុគ្គលឆ្លៀតឱកាសមួយចំនួន»៕