(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃសៅរនេះ បានមានព្រះបន្ទូលគាំទ្រយ៉ាងពេញទំហឹងទៅលើចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជាចំពោះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានប្រព្រឹត្តទង្វើក្បត់ជាតិ ឃុបឃិតជាមួយបរទេស។
សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ មានព្រះបន្ទូលបែបនេះ ក្នុងឱកាសដែលព្រះអង្គ យាងជាអធិបតីនៅក្នុងសមាជវិសាមញ្ញរបស់ហ៊្វុនស៊ិនប៉ិច ដើម្បីផ្លាស់ប្តូររូបសញ្ញាថ្មី របស់គណបក្ស និងកែសម្រួលប្រការមួយចំនួននៃលក្ខន្តិកៈឱ្យសមស្របទៅតាមច្បាប់ស្តីពី គណបក្សនយោបាយ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ។
សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានមានព្រះបន្ទូលយ៉ាងដូច្នេះថា៖ «ខ្ញុំបានសសេរសំបុត្រមួយទៅជូនសម្តេច ហ៊ុន សែន ក្នុងនាមខ្ញុំជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ថាអ្វីមួយដែលសម្តេចធ្វើចំពោះលោក កឹម សុខា ដែលខ្ញុំស្គាល់ច្បាស់ និងលោក សម រង្សីទៀត គឺរាំងហើយបានស៊ីទៀតគឺអត់ស៊ីមុនទេ គឺចាំរាំងសិន។ ហើយអ្វីមួយសដែលសម្តេចធ្វើគឺគណបក្សហ្វ៊ុនស៊ិនប៉ិចគាំទ្រទាំងអស់»។
សម្តេចក្រុមព្រះ មានបន្ទូលបន្តថា «ប្រសិនបើលោក កឹម សុខា ពិតជាអ្នកស្នេហាជាតិពិតប្រាកដមែន មិនបាច់ទៅពឹងពាក់បរទេសមកជួយគណបក្សរបស់ខ្លួន និងក្រុមខ្លួននោះទេ។ ហេតុអ្វីមិនពឹងពាក់លើពលរដ្ឋខ្មែររបស់ខ្លួនទៅវិញបើខ្លួនជាអ្នកស្នេហាជាតិពិតនោះ»។
សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ មានព្រះបន្ទូលបញ្ជាក់ថា សូមប្រជាពលរដ្ឋខ្មែរសម្លឹងទៅមើលប្រទេសមួយចំនួននៅលើពិភពលោក ដូចជា ប្រទេសទុយនេស៊ី ប្រទេសស៊ីរី ប្រទេសអ៊ីរ៉ាក់។ ប្រទេសទាំងនោះត្រូវបានបរទេសបរទេសជ្រៀតជ្រែក នាំមកនូវវិនាសសកម្មយ៉ាងធ្ងន់ដល់ពលរដ្ឋ និងសង្គមជាតិទាំងមូល។ ទម្រាំបានសន្តិភាពដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានលះបង់ជីវិតរបស់ប្រជាពលរដ្ឋយ៉ាងច្រើន ដូច្នេះល្មមបញ្ឈប់ការបង្ហូរឈាមខ្មែរគ្នាឯងទៀតទៅ។
សូមជម្រាបថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោកស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្ត តាមការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាលច្បាប់កម្ពុជា ដែលកើតចេញពីការបោះឆ្នោត។
លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ការ ដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ៕