(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅចំណុចអតីតឡូត៌លេខ៨ ក្នុងស្រុកកោះសូទិន ដោយដកហូតបានវត្ថុតាងយ៉ាងច្រើនដើម្បីដុតបំផ្លាញចោល និងប្រលែងកូនត្រីចម្រុះរាប់រយគីឡូក្រាមផងដែរ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការនេះត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញាម្សិលមិញ ដោយលោកបានបញ្ជាឲ្យ លោកវរសេនីយ៍ទោ ស្រេង ធារី នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ចាម សហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្ត, កម្លាំងនគរបាលអធិការដ្ឋានស្រុកកោះសូទិន, អាវុធហត្ថស្រុកកោះសូទិន, សឹករងស្រុកកោះសូទិន ដឹកនាំដោយលោក ផេង សុផល អភិបាលស្រុកកោះសូទិន។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលនៃការបង្ក្រាបនេះ កម្លាំងចម្រុះដកហូតបាន លូស្បៃមុង ចំនួន១២៥មាត់, របាំងស្បៃមុង ប្រវែង៥,៦២៥ម៉ែត្រ, បង្គោលចម្រឹងឬស្សី ចំនួន២,១២៥ដើម, រ៉ាវ ចំនួន០៨មាត់, របាំងប្រវែង ៣៥០ម៉ែត្រ, បង្គោលឬស្សី ចំនួន១២០ដើម, របាំងបិទផ្ចិតព្រែក ចំនួន០៥កន្លែង, បង្គោល ចំនួន១២០ដើម, របាំងព្រួលប្រវែង៩០ម៉ែត្រ និងលបទ្រូចំនួន២០ ព្រមទាំងបានប្រលែងកូនត្រី ចម្រុះសរុបជាង៦០០គីឡូក្រាមផងដែរ។
ក្រោយប្រតិបត្តិការនេះ ចំពោះឧបករណ៍វត្ថុតាងមួយចំនួន បានកាប់បំផ្លាញចោលនៅនឹងកន្លែង និងមួយចំនួនទៀតយកមករក្សាទុកនៅសាលាស្រុកកោះសូទិន៕