(ភ្នំពេញ)៖ លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងប្រាប់ភ្នាក់ងារអង្គភាពព័ត៌មានFresh News នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នេះថា តាមស្មារតីសាលាឧទ្ធរណ៍ គឺចង់ឱ្យមានវត្តមានជនត្រូវចោទ កឹម សុខា ចូលរួមសវនាការ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ ប៉ុន្តែលោកបញ្ជាក់ថា ប្រសិនបើគ្មានវត្តមានជនត្រូវចោទនៅថ្ងៃនោះ ក៏មិនប៉ះពាល់នីតិវិធីដែរ ព្រោះជាសវនាការមុនអង្គសេចក្តី ពាក់ព័ន្ធនឹងការស្នើសុំនៅក្រៅឃុំតែប៉ុណ្ណោះ ។
លោក ទូច ថារិទ្ធិ បានបន្តថា ពាក់ព័ន្ធបញ្ហាសន្តិសុខ សុវត្ថិភាព របស់ជនត្រូវចោទ កឹម សុខា គឺជាសមត្ថកិច្ចរបស់អគ្គនាយកពន្ធនាគារ ជាអ្នកទទួលខុសត្រូវ ហើយការសួរដេញដោលនេះ គឺពុំចាំបាច់ធ្វើឡើងចំពោះមុខជនត្រូវចោទទេ, ក្រុមប្រឹក្សាជំនុំជម្រះ អាចសម្រេចអំពីការឱ្យនៅក្រៅឃុំ ឬមិនឱ្យនៅក្រៅឃុំបាន ទោះអវត្តមានជនត្រូវចោទក៏ដោយ ។
សូមបញ្ជាក់ថា អគ្គនាយកពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ បានធ្វើលិខិតមួយច្បាប់ទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដែលរៀបរាប់ថា «ក្នុងការចាត់ចែងនាំជនត្រូវចោទកឹម សុខា មកសាលាឧទ្ធរណ៍ដើម្បីបើកការពិភាក្សាដេញដោលនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ អគ្គនាយកពន្ធនាគារមានការបារម្ភចំពោះបញ្ហាសន្តិសុខសុវត្ថិភាព ដែលអាចកើតឡើងជាយថាហេតុ នៅពេលដឹកជញ្ជូនក៏ដូចជា ពេលមានវត្តមាននៅសាលាឧទ្ធរណ៍»។ អគ្គនាយកពន្ធនាគារ ស្នើឱ្យអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ពិនិត្យបញ្ហានេះ។
ទោះជាយ៉ាងណា លោក សំ សុគង់ មេធាវីការពារក្ដីលោកកឹម សុខា បានថ្លែងថា ក្រុមមេធាវីចង់ឱ្យសាលាឧទ្ធរណ៍សម្រេចបញ្ជូន លោក កឹម សុខា មកចូលរួមសវនាការ។ លោកមេធាវីថា «ការព្រួយបារម្ភរបស់ពន្ធនាគារ គឺ មិនត្រឹមត្រូវទេ ការរក្សាការពារសន្តិសុខ សុវត្ថិភាព របស់ជនត្រូវចោទ ជាកាតព្វកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច ហើយជាគោលការណ៍ច្បាប់សវនាការ គួរតែមានវត្តមានជនត្រូវចោទ» ។
គួររម្លឹកថា លោក កឹម សុខា ត្រូវបាន លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនិងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលបទល្មើសនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ៕