(ភ្នំពេញ)៖ រហូតមកទល់ពេលនេះ សាលាឧទ្ធរណ៍នៅពុំទាន់សម្រេចថា នឹងបង្គាប់ឱ្យខាងពន្ធនាគារ បញ្ជូនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មកចូលរួមសវនាការ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ដែរឬទេ?។
ការពិចារណានេះ បន្ទាប់ពីខាងអគ្គនាយកពន្ធនាគារ ស្នើឱ្យសាលាឧទ្ធរណ៍ ពិចារណាអំពីសន្តិសុខ សុវត្ថិភាពរបស់ជនត្រូវចោទ កឹម សុខា ពេលបញ្ជូនមកចួលរួមសវនាការ។
លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ថា សាលាឧទ្ធរណ៍បានទទួលលិខិតរបស់អគ្គនាយកពន្ធនាគារហើយ តែរហូតមកទល់ពេលនេះ សាលាឧទ្ធរណ៍ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ។
ដោយឡែក លោកសំ សុគង់ មេធាវីការពារក្ដីលោក កឹម សុខា ថ្លែងថា ក្រុមមេធាវីចង់ឱ្យសាលាឧទ្ធរណ៍សម្រេចបញ្ជូនលោក កឹម សុខា មកចូលរួមសវនាការ។ លោកមេធាវីថា «ការព្រួយបារម្ភរបស់ពន្ធនាគារ គឺមិនត្រឹមត្រូវទេ ការរក្សាការពារសន្តិសុខសុវត្ថិភាពរបស់ជនត្រូវចោទ ជាកាតព្វកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច ហើយជាគោលការណ៍ច្បាប់សវនាការ គួរតែមានវត្តមានជនត្រូវចោទ»។
គួរបញ្ជាក់ថា សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ នឹងបើកសវនាការបណ្តឹងរបស់ក្រុមមេធាវី ដែលប្តឹងប្រឆាំងនឹងដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទបទល្មើស«ក្បត់ជាតិ»។
លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនិងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៧ សម្រេចចេញដីកាឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។
សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕