(ប៉ៃលិន)៖ លោក កើត សុធា ក៏អភិបាលខេត្តប៉ៃលិន បានដាស់តឿនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហការ គ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឲ្យបានជិតស្និទ្ធដើម្បីថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណៈភាពទឹកដីរបស់កម្ពុជា យើងឲ្យបានគង់វង្សជាពិសេសសូមកងកម្លាំងទាំងអស់ថែទាំសុខភាព ព្រោះរដូវនេះមានភ្លៀងច្រើន អាចងាយនឹងកើតជំងឺដម្កាត់ផ្សេងៗ។
លោក កើត សុធា ជំរុញបែបនេះក្នុងឱកាសលោក ដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋ និងព្រះសង្ឃទាំង២គណៈ មកពីវត្តនានាក្នុងខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខបងប្អូនកងទ័ព នៅទីបញ្ជាការចំណុចបង្អែកភ្នំកំពូល៣ ទិសប៉ៃលិន ចំណុះឲ្យកងពលតូចថ្មើរជើលេខ៥២ បន្ទាប់ពីបុណ្យ កាន់បិណ្ឌបានបញ្ចប់ ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ។
លោក កើត សុធា បានបន្តថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានគិតគូរ ខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធការពារទឹកដីនៅតាមខ្សែរបន្ទាត់ព្រំដែនជានិច្ចដោយបានផ្តល់ជាជំរុំជំរក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យកាន់តែប្រសើឡើង។
លោកឧត្តមសេនីយ៍ទោ ម៉ី សឹង្ហន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងខេត្តប៉ៃលិនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំងទាំងអស់ជាញឹកញាប់ ហើយនេះ គឺជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការអនុវត្ត ភារកិច្ចតួនាទីរបស់ខ្លួន ដើម្បី កិច្ចការពារបូរណៈភាពទឹកដី ឲ្យបានរឹងមាំនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើផងដែរ។
អំណោយដែលបានយកទៅឧបត្ថម្ភនាពេលនោះរួមមាន៖ អង្ករ៤២ការុង មី៩៧កេះ ទឹកសុទ្ធ៣១២យួរ ទឹកស៊ីអ៊ីវ២០យួ ទឹកត្រី២១ ទឹកក្រូច២៨យួរ ទឹកផ្លែឈើ៨កេះ ត្រីខ៤កេះ នំបញ្ចុក១០០គីឡូ និងនំអន្សម១តោន ព្រមទាំងឧបត្ថម្ភថវិកាចំនួន៨,៨៥០,០០០រៀល ក្នុងនោះកងកម្លាំងចំនួន ២៥០នាក់ម្នាក់ៗ ទទួលបានថវិកា៣០០០០រៀលផងដែរ៕