(សៀមរាប)៖ សរុបបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទស្សនាតំបន់អង្គរ នៅតាមសហគមន៍ រមណីយដ្ឋានទេសចរណ៍នានា មានចំនួនប្រមាណ១៤៣,៦៩៣នាក់ មានការកើនឡើង៤.៨១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ មានចំនួន១៣៧,០៩១នាក់។
របាយការណ៍បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរជាង១៤ម៉ឺននាក់នោះ មានភ្ញៀវអន្តរជាតិ១៧,៦៩៣នាក់ មានការកើនឡើង៣.៥២ភាគរយ ប្រៀបធៀបឆ្នាំ២០១៦ មានចំនួន១៧,០៩២នាក់ និងភ្ញៀវទេសចរជាតិសរុប១២៦,០០០នាក់ មានការកើនឡើង៥ភាគរយ ប្រៀបធៀបឆ្នាំ២០១៦ ចំនួនមាន១២០,០០០នាក់ប៉ុណ្ណោះ។
យ៉ាងណាមិញ សម្រាប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះ រម្មណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរ ប្រមាណ៥១,១៥៦នាក់ កើនឡើង២.៤៦ភាគរយ ក្នុងនោះ ភ្ញៀវអន្តរជាតិ៦,១៥៦នាក់ មានការកើនឡើង៣.៩០ភាគរយខណៈឆ្នាំ២០១៦ មានចំនួន៥,៩២៥នាក់ និងភ្ញៀវទេសចរជាតិសរុប ប្រមាណ៤៥,០០០នាក់ ប្រជាជនក្នុងខេត្តដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងតំបន់អង្គរ បឹងទន្លេសាប បារាយណ៍ទឹកថ្លា និងមកពីតាមបណ្តាខេត្ត មានការកើនឡើង២.២៧ភាគរយ ប្រៀបធៀបដូចគ្នាឆ្នាំ២០១៦ ចំនួនមាន៤៤,០០០នាក់។
រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន ធ្លាប់បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ក្នុងឱកាសបុណ្យភ្ជុំឆ្នាំនេះ ហាក់មានការកើនឡើងយ៉ាងខ្លាំងនៅតាមរម្មណីយដ្ឋានផ្សេងៗ នៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦។
រដ្ឋមន្ដ្រី ថោង ខុន បានអះអាងថា «ប្រជាពលរដ្ឋយើងជាទេសចរក្នុងស្រុក រួមជាមួយទេសចរអន្តរជាតិ ពិតជាសប្បាយរីករាយនឹងសន្តិភាព រីករាយនឹងការអភិវឌ្ឍន៍ រីករាយនឹងជីវភាពរស់ប្រចាំថ្ងៃ ដែលបានផ្តល់ឱកាសឲ្យពួកគាត់ បានធ្វើដំណើរកម្សាន្ដដោយសេរី និងរីករាយក្រៃលែងបានស្គាល់ការពិត នៃការរីកចម្រើន នៃទឹកដីជាទីស្រឡាញ់របស់ខ្លួន»។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា អ្វីៗទាំងអស់នេះ គឺសុទ្ធតែកើតមានឡើងដោយសារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំប្រទេសឲ្យមានសន្ដិភាព ស្ថេរភាពនយោបាយ ដែលឲ្យធ្វើឲ្យពលរដ្ឋអាចប្រកបរបររកស៊ីបានយ៉ាងងាយស្រួល ហើយទើបធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន និងមានឱកាសដើរលេងកម្សាន្ដសប្បាយយ៉ាង ដោយគ្មានភាពភ័យខ្លាចអ្វីទាំងអស់៕