(ភ្នំពេញ)៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះ យុវជនមានពិការភាព ០៤រូប ដែលអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជូនទៅចូលរួមប្រកួតប្រជែងមុខជំនាញ IT ថ្នាក់តំបន់អាស៉ីនិងប៉ាស៉ីភិច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ទទួលបានមេដាយសំរិទ្ធចំនួន៤ ពីការប្រកួតប្រជែងលើវិញ្ញាសារ eCreative Challengs។
លោក ឯម ច័ន្ទមករា បានឱ្យដឹងទៀតថា យុវជនពិការដែលកម្ពុជាដែលដណ្តើមបានពានរង្វាន់នៅក្នុងប្រទេសវៀមណាម នោះរួមមាន៖ យុវជន សាន សុត, សម្បត្តិ វុត្ថា, កុល ចាន់ណារដ្ឋ និងកញ្ញា តឹក ទុម ដណ្តើមបានមេដាយសំរឹទ្ធ ម្នាក់១គ្រឿង។ លោក ឯម ច័ន្ទមករា បានបន្តទៀតថា ការប្រកួតប្រជែងនេះ មានជនពិការមកពីបណ្ដាប្រទេសសមាជិកអាស៊ាន ចំនួន១៦ប្រទេស មានចំនួនសរុបចំនួន ២៨៥នាក់ ដោយប្រកួតទៅលើវិញ្ញាសា eDesign, eCreative, eLifeMap និង eTool។ យុវជនពិការរបស់កម្ពុជាទាំង ៤ រូប បានខិតខំប្រឹងប្រែងប្រកួតប្រជែង ដោយប្រើអស់នូវចំណេះ ជំនាញ និងកម្លាំង ប្រាជ្ញារបស់ខ្លួន ជាលទ្ធផលពួកគេ បានឈ្នះដោយដណ្តើមបានមេដាយសំរឹទ្ធ ចំនួន៤គ្រឿង លើវិញ្ញាសារ eCreative ជាក្រុម។
ក្នុងនាមលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្នុងប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងនូវការកោតសរសើរចំពោះទេសកោសល្យ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្អូនៗយុវជនពិការទាំងបួនរូប ដោយលោកបានគូសបញ្ជាក់ថា នេះគឺជាការបង្ហាញនូវសមត្ថភាពដ៏ប៉ិនប្រសព្វរបស់ប្អូនៗយុវជនពិការ ដល់សាធារណៈជន ឱ្យបានឃើញកាន់តែច្បាស់ពីសមត្ថភាព ជាជាងការមើលឃើញពិការភាពរបស់ជនពិការ។
គួរបញ្ជាក់ផងដែរថា បើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការផ្តល់ប្រាក់រង្វាន់សម្រាប់ជ័យលាភីជាជនពិការពីប្រកួតប្រជែង សមត្ថភាពលើមុខជំនាញនេះ គឺប្រាក់រង្វាន់ចំពោះមេដាយសំរិទ្ធ ១ នឹងទទួលបាន១៦,០០០,០០០រៀល!៕