(ភ្នំពេញ)៖ តាមរយៈការជួយសម្របសម្រួលការងារពីសំណាក់ លោកបណ្ឌិត ចែម វិឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ក្នុងគោលបំណងនៃការ រឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-បារាំង និងតបតាមការអញ្ជើញរបស់ក្រសួងការពារជាតិបារាំង លោក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមួយក្រុមទៅបំពេញទស្សនកិច្ចផ្លូវការនៅក្រសួងការពារជាតិបារាំង ចាប់ពីថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០១៧។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក ហ៊ុន ម៉ាណែត គ្រោងនឹងជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ Gen. Philippe ERRERA អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និង យុទ្ធសាស្ត្រ (DGRIS) នៃក្រសួងការពារជាតិបារាំង នៅក្នុងទីក្រុង ប៉ារីស និងជួបជាមួយ លោកឧត្តមសេនីយ៍ Gen. Patrick COLLET នាយសេនាធិការប្រចាំតំបន់ Occitanie នៅក្នុងទីក្រុង Toulouse។ នៅក្នុងឱកាសស្នាក់នៅនិងបំពេញការងារ នៅក្នុងទីក្រុង Toulouse គណៈប្រតិភូក៍៏មានគំរោងនឹងចូលជួបពិភាក្សាការងារជាមួយ Madame Marie-France MARCHAND-BAYLET ប្រធានអគ្គនាយិកា Groupe La Dépèche du Midiទៀតផង។
លើសពីនេះទៀត លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ក៏មានកិត្តិយសត្រូវបានអនុញាតឲ្យចូលជួបពិភាក្សាការងារជាមួយ លោក M.Michel HERBILLON តំណាងរាស្ត្រ និងជាប្រធានសមាគមមិត្តភាព បារាំង-កម្ពុជា នៅវិមានរដ្ឋសភាបារាំង (Palais Bourbon) ផងដែរ។
គួររំលឹកថា នេះជាដំណើររទស្សនកិច្ច លើកទី៣ ទៅកាន់បណ្ដាប្រទេសនៅក្នុងទ្វីបអឺរ៉ុប។ ក្រៅពីដំណើរទស្សនកិច្ចផ្លូវការលើកនេះ លោក ហ៊ុន ម៉ាណែត ក៏មានគំរោងជួបជាមួយ យុវជន និងនិស្សិតខ្មែរ បងប្អូនពាណិជ្ជករខ្មែរ-ចិន និងបងប្អូនប្រជាពលរដ្ឋខ្មែរ ជាច្រើននាក់ នៅតាមបណ្ដាប្រទេសមួយចំនួន នៅក្នុងទ្វីបអឺរ៉ុបថែមទៀតផងដែរ៕