(កំពង់ចាម)៖ មេឃុំគៀនជ្រៃ ស្រុកកំពង់សៀម មកពីគណបក្សសង្គ្រោះជាតិ ដែលទើបជាប់ឆ្នោតថ្មី ត្រូវបានព្រះរាជអាជ្ញាខេត្តកំពង់ចាម បញ្ជាឲ្យចាប់ខ្លួនភា្លមៗនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោយប្រើអំពើហិង្សា និងគំរាមកំហែងអាយុជីវិតរបស់ពលរដ្ឋ ដោយគ្រាន់តែមានទំនាស់ពាក្យសម្ដីជាមួយគ្នាបន្ដិចបន្តួច។
មេឃុំរបស់គណបក្សសង្គ្រោះជាតិដែលទើបជាប់ឆ្នោតនោះ ឈ្មោះ លីម ប្រុស អាយុ៤៥ឆ្នាំ បានប្រើអំពើហិង្សាដោយចេតនា លើប្រជាពលរដ្ឋឈ្មោះ ទូច ផល្លា អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ប៉ិច ស្រី។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមេឃុំរបស់គណបក្សសង្គ្រោះជាតិរូបនេះ បានវាយឈ្មោះ ទូច ផល្លា មួយដៃចំកណ្តាលថ្ងាស ហើយនោះលោកមេឃុំ ក៏បានជេរប្រមាថគំរាមកំហែងលើ ឈ្មោះ ប៉ិច ស្រី ថា «ង៉ែងលើករោងការកូនមិនបានទេ បើហ៊ានលើក គឺដាក់ទង់សហើយ (ដោយឈ្មោះ ប៉ិច ស្រី ជិតដល់ថ្ងៃរៀបការកូន)» និងបានជេរប្រមាថដោយប្រើពាក្យអសុរសដដែលៗ ជាច្រើនលើកច្រើនសារ។
ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចេញដីការឃាត់ខ្លួន លោកមេឃុំរូបនេះជាបណ្តោះអាសន្ន ហើយនាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីបំពេញសំណុំឯកសារ និងចាត់ការតាមនីតិវិធី៕