(ភ្នំពេញ)៖ ៣ថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសកើតឡើងចំនួន ៥២លើក បណ្តាលឲ្យមនុស្ស ២៦នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងនោះមាននារី៤នាក់ និងរបួសធ្ងន់ស្រាល ៩០នាក់។ បើធៀបនឹងឆ្នាំ២០១៦ ចំនួនគ្រោះថ្នាក់ចរាចរកើនឡើង១០ ខណៈចំនួនអ្នកស្លាប់ និងរបួសកើន ៣១នាក់។

គ្រោះថ្នាក់ចរាចរ ៥២លើកនេះ បណ្តាលឲ្យម៉ូតូខូច ៧៣គ្រឿង រថយន្តតូច ២២គ្រឿង រថយន្តធំ ១គ្រឿង យានយន្តផ្សេងៗ ១គ្រឿង។

យោងតាមរបាយការណ៍បូកសរុបគ្រោះថ្នាក់ចរាចរអំឡុងបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃចុងក្រោយរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះថា កត្តាដែលនាំឲ្យកើនមានគ្រោះថ្នាក់ចរាចរពីថ្ងៃទី១៩ ដល់ ២១ ខែកញ្ញា នេះ រួមមាន៖ ល្បឿនលឿន ១៣លើក, ស្រវឹង ៨លើក, ប្រជែង ៥លើក, មិនគោរពសិទ្ធិ ៩លើក, មិនប្រកាន់ស្តាំ ៧លើក, បត់គ្រោះថ្នាក់ ៩លើក, កត្តាយានយន្ត ១លើក។

របាយការណ៍បន្តថា ខេត្តព្រៃវែង កើតមានគ្រោះថ្នាក់ចរាចរ ៤លើក ស្លាប់ ៧នាក់ របួស ៦នាក់, កំពង់ស្ពឺ ២លើក ស្លាប់ ៤នាក់, កណ្តាល ៤លើក ស្លាប់ ៤នាក់, កំពង់ចាម ៦លើក ស្លាប់ ៣នាក់ របួស ៧នាក់, កំពង់ធំ ៣លើក ស្លាប់ ២នាក់ របួស ៣នាក់, តាកែវ ៣លើក ស្លាប់ ១នាក់ របួស ៦នាក់ និងខេត្តព្រះសីហនុ កើតចំនួន ២លើក ស្លាប់ ១នាក់ របួស ៣នាក់៕