Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ធំ និងក្រុមគ្រួសារ អញ្ជើញសាកសួរសុខទុកអំពីស្ថានភាពកុមារ នៅក្នុងបុរីកុមារកំព្រាខេត្ត

21-09-2017 15:55

(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមគ្រួសារ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញសាកសួរសុខទុក្ខអំពីស្ថានភាពកុមារ នៅក្នុងបុរីកុមារកំព្រាខេត្តកំពង់ធំ ចំនួន៥៧នាក់ ស្រី២៣នាក់ ដែលអមដំណើរដោយ អភិបាលរងខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះកុរ។

លោក សុខ លូ លើកឡើងថា កម្ពុជាទទួលបានសុខសន្តិភាពដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់ដល់កុមារ ដោយផ្តល់នូវសិទ្ធិរស់រៀនមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានការអភិវឌ្ឍន៍ និងសិទ្ធិក្នុងការចូលរួម។

លោកបន្ថែមទៀតថា ប្អូនៗក្មួយកំព្រាឪពុកម្តាយបង្កើតពិតមែន តែក្មួយៗនៅមានថ្នាក់ខេត្ត និងមន្ទីរ ជាពិសេសគឺ ម៉ែដោះត្រូវស្រាលញ់ក្មួយៗ ដូចជាកូនបង្កើតរបស់ខ្លួនឯង ផ្តល់ភាពកក់ក្តៅ និងជួយបីបាច់ថែរក្សាក្មួយៗ ឲ្យបានចូលសិក្សារៀនសូត្រ ដូច្នេះក្មួយៗត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ កុមារជាទំពាំងស្នងឬស្សី ជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា ព្រោះវាសនាអនាគត់របស់យើង គឺត្រូវពឹងលើខ្លួនឯង។

ជាចុងបញ្ចប់ លោកអភិបាលខេត្ត ក៏បានចែកអំណោយជូន ក្មេងៗកុមារកំព្រា ចំនួន៥៧នាក់ ដោយម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកា១០,០០០រៀល ចំណែកម៉ែដោះម្នាក់ សៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកា ៥០,០០០រៀល និងឧបត្ថមដល់បុរីកុមារកំព្រាខេត្ត អង្ករ១៥០គីឡូក្រាម មី១កេសធំ ខោអាវម្នាក់២កំប្លេ ភួយ១ ក្រម៉ាពោះគោ១ផងដែរ៕