(ភ្នំពេញ)៖ ក្នុងឱកាសថ្ងៃឈប់សម្រាក នារដូវបុណ្យភ្ជុំបិណ្ឌនេះ មិត្តអ្នកអានម្នាក់បានសរសេរលិខិតផ្ញើ ជូនអង្គភាពព័ត៌មាន Fresh News សុំឲ្យជួយចុះផ្សាយនូវសំណួរក្នុងចិត្ត សួរទៅកាន់លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា គឺលោក William Heidt ។

មិត្តអ្នកអានរូបនោះបានចោទសួរថា «ទូតអាមេរិកអះអាងថា មកជួយខ្មែរ រក្សាព្រៃឈើ បរិស្ថាន និងកម្មវិធីជំនួយផ្សេងៗទៀតច្រើនយ៉ាង ហើយក៏បានប្រកាសទទួលស្គាល់ផលវិបាក ដែលបន្សល់ឲ្យកម្ពុជា កាលពីជំនាន់សង្គ្រាមឆ្នាំ៧០ ចុះហេតុអ្វីពេលនេះកម្ពុជា បានបង្ហាញពីវត្តមាន នៃគ្រាប់បែកគីមី នៅក្នុងសាលារៀន និងវត្តនៅក្នុងស្រុករមាសហែក នៃខេត្តស្វាយរៀង និងគ្រាប់បែកនៅកន្លែងផ្សេងទៀតជាច្រើន បែរជានៅសម្ងំស្ងៀម ធ្វើមិន ឮធ្វើមិនឃើញ មិនទៅយកចេញ ឬជួយខ្នះខ្នែងជួយយកចេញ? ខ្ញុំជាពលរដ្ឋខ្មែរម្នាក់ អស់ជំនឿរលីងលើសំដីទូតអាមេរិក»។

មិត្តអ្នកអានដដែលរូបនោះ បានលើកឡើងទៀតថា «ប្រសិនជាអាមេរិក ជួយយកចេញតែគ្រាប់ Made in USA ក៏ប្រជាជនកម្ពុជា បានរួចផុតពីគ្រោះថ្នាក់ច្រើនដែរ។ ពេលនេះហើយ ជាឱកាសសំរាប់អាមេរិកបង្ហាញឲ្យ ប្រជាពលរដ្ឋកម្ពុជាឃើញ ។ ឃើញនូវអ្វីដែលជា «សុច្ឆន្ទៈ» អះអាងដោយអាមេរិក។ ប្រយត្ន័អត្ថន័យនៃនិម្មិតសញ្ញា ត្រីក្រហម វាធ្លាក់លើអាមេរកវិញ»។

សូមជម្រាបថា គ្រាប់បែកគីមីចំនួន២គ្រាប់ ​ប្រភេទ ​Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ត្រូវបានមន្ត្រីជំនាញរបស់ស៉ីម៉ាក់ រកឃើញចំនួន២ទីតាំងជិតគ្នា គឺក្នុងសាលាបឋមសិក្សាគីគរ និងវត្តគគីរ ស្ថិតក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រជាពលរដ្ឋក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានរកឃើញគ្រាប់បែកគីមីដែលទម្លាប់ដោយ សហរដ្ឋអាមេរិក មកលើទឹកដីខ្មែរ និងបានរាយការណ៍មន្ត្រីជំនាញ ដើម្បីឲ្យដោះគ្រាប់បែកគីមី នោះចេញពីភូមិឋានរបស់ពួកគាត់ តែរហូតមកដល់ពេលនេះ គ្រាប់បែកទាំងនោះតែបង្កភាពភ័យខ្លាច ដល់ពួកគាត់នៅឡើយ។

ទោះបីក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក្តី ឬក៏បុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋនៅតំបន់នោះ នៅតែមានការភ័យខ្លាច ដោយសារគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក និងបានអំពាវនាវដល់មន្ត្រីជំនាញ ជួយដោះស្រាយឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យពួកគាត់បានសុខសប្បាយ មិនរស់ក្នុងក្តីព្រួយបារម្ភពីសារធាតុគីមី ដែលភាយចេញពីគ្រាប់បែកនោះ។

សមត្ថកិច្ច និងប្រជាពលរដ្ឋ បានអំពាវនាវឲ្យមន្ត្រីជំនាញជួយដោះស្រាយបញ្ហាគ្រាប់បែកគីមីនេះ ឲ្យបានឆាប់ដើម្បីកុំឲ្យ ប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សានុសិស្ស មានការភ័យខ្លាចបន្តទៀត។

អគ្គនាយកស៉ីម៉ាក់ លោក ហេង រតនា ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថា គ្រាប់បែកគីមី​ប្រភេទ ​Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រសិនបើកផ្ទុះ នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។ គ្រាប់បែកគីមីនេះ ស៉ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៉ីម៉ាក់ជឿជាក់ថា មានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី។

គួររំលឹកថា អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ​ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកម្ទេចពួកយៀកកុង​ ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត៕