(គូឡាឡាំពួ)៖ បុរសចំនួន ០៧នាក់ ដែលត្រូវបានគេសង្ស័យថា ជាក្រុមឧទ្ទាមអាប៊ូសាយយ៉ាហ្វមានប្រភពពីប្រទេសហ្វីលីពីន ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន នៅក្នុងរដ្ឋធានីគូឡាឡាំពួតែម្តង នៅក្នុងប្រតិបត្តិការក្តៅគគុកមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧។
ប្រតិបត្តិការខាងលើនេះ បានចាប់ផ្តើមឡើងតាំងតែពីថ្ងៃទី១៤ ខែកញ្ញា មកម្ល៉េះ ដោយសរុបលទ្ធផលកន្លងមកនេះ ក្រុមជនសង្ស័យទាំង ០៧នាក់ ដែលត្រូវបានចាប់ខ្លួន គឺមានអាយុចន្លោះពី ២២ឆ្នាំ ទៅ ៣៨ឆ្នាំ ដោយពួកគេបានចូលមកប្រទេសម៉ាឡេស៊ី នៅមុនពេលពិធីបុណ្យជាតិ និងនៅថ្ងៃបិទបញ្ចប់នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬ SEA Games ឆ្នាំ២០១៧។
គួរបញ្ជាក់តាមសមត្ថកិច្ចថា ជនសង្ស័យមួយចំនួនបានបម្រើការងារជាកងកម្លាំងសន្តិសុខ ឲ្យក្រុមហ៊ុនឯកជនប្រចាំរដ្ឋ Selangor ស្ថិតនៅឆ្នេរភាគខាងលិចប្រទេសម៉ាឡេស៊ី និងទីក្រុងគូឡាឡាំពួ។ បន្ថែមពីនេះ ជនសង្ស័យអាយុ ២២ឆ្នាំម្នាក់ក្នុងចំណោមនោះ ត្រូវបានគេដឹងថា ធ្លាប់ចូលរួមប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលហ្វីលីពីន នៅភាគខាងត្បូងប្រទេសថែមទៀតផង៕