(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យ ឯកអគ្គរាជទូតថៃ លោក Nuttavudh PHOTISARO ចូលជូបសម្ដែងការគួរសម និងជម្រាបលា ក្នុងពេលបញ្ចប់បេសកកម្មការទូត នៅប្រទេសកម្ពុជា នៅវិមានរដ្ឋាភិបាលសន្តិភាព រាជធានីភ្នំពេញ។

លោក Nuttavudh PHOTISARO បានជម្រាបជូន សម្ដេចតេជោ ហ៊ុន សែន ថា រយៈពេល២ឆ្នាំកន្លះនៃបេសកកម្មការទូត របស់លោកនៅកម្ពុជា គឺទទួលបានការជួយជ្រោមជ្រែង និងគាំទ្រពីសម្តេចនាយករដ្ឋមន្រ្តី និងមន្រ្តីសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ លោកបានឃើញច្បាស់ថា កម្ពុជាមានការផ្លាស់ប្ដូររីកចម្រើនច្រើន ដែលនាំមកស្ថេរភាព សន្តិភាព និងការអភិវឌ្ឍន៍ជាពិសេសវិស័យសេដ្ឋកិច្ចនៅកម្ពុជា។

លោក Nuttavudh PHOTISARO បានសម្ដែងនូវការអបអរសាទរចំពោះការរីកចម្រើននេះ ហើយបានគោរពគោរពថ្លែងអំណរគុណ ជាពិសេសជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានជួយជ្រោមជ្រែងធ្វើឲ្យទំនាក់ទំនងការទូត និងទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមទៀត ដូចជាតាមរយៈការធ្វើទស្សនកិច្ចរបស់ សម្ដេចតេជោ ទៅកាន់ប្រទេសថៃ កាលពីឆ្នាំ២០១៥កន្លងទៅ រួមជាមួយនឹងដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ឋ ច័ន្ទអូឆា មកកាន់កម្ពុជា និងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជាថៃ កាលពីពេលថ្មីៗកន្លងទៅនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយ លោក Nuttavudh PHOTISARO ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាថៃ ហើយសម្ដេចតេជោ មានមោទនភាពណាស់ ចំពោះមិត្តភាព និងទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ ដែលគ្រប់វិស័យទាំងអស់ គឺស្ថិតនៅលើដំណើរល្អមួយ។ ទន្ទឹមនឹងនោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏កំពុងកើនឡើងខ្ពស់ផងដែរ ហើយកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏កំពុងកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យ លោកឯកអគ្គរាជទូតកាន់តែទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ហើយបន្តថែរក្សានូវទំនាក់ទំនង ល្អរវាងប្រទេសទាំងពីរ ទោះបីលោកទៅបម្រើការនៅក្នុងវិស័យឯកជនក៏ដោយ ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើសួរសុខទុក្ខលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ឋ ចាន់អូឆា ផងដែរ៕