(ភ្នំពេញ)៖ គណៈប្រតិភូជាន់ខ្ពស់សភានៃកម្ពុជា ដឹកនាំដោយ សមេ្តចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៨ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧មក។
នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៨នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានចូលរួមកិច្ចប្រជុំ កម្មវិធីជាច្រើនរបស់អាយប៉ា នៅក្នុងនោះសម្តេចប្រធានគណៈប្រតិភូ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់អាយប៉ា ចូលរួមពិធីបើកមហាសន្និបាត ចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ កិច្ចប្រជុំពេញអង្គលើកទី២ ចូលរួមពិធីបិទមហាសន្និបាតជាដើម។
ឆ្លៀតក្នុងឱកាសចូលរួមមហាសន្និបាតនេះ សម្តេចប្រធានរដ្ឋសភា បានជួបសវនាការជាមួយភ្ញៀវអន្តរជាតិមួយចំនួនទៀត ជាលក្ខណៈទ្វេរភាគីផង និងក្នុងក្របខណ្ឌអាយប៉ាផងដែរ។
ដោយឡែកសមាជិកគណៈប្រតិភូផ្សេងទៀត បានចូលរួមក្នុងកិច្ចប្រជុំនានារបស់ គណៈកម្មាធិការជំនាញរបស់អាយប៉ា ដែលមានដូចជាគណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការស្រ្តី (WAIPA) គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំជាដើម ដែលសរុបទៅគណៈកម្មាធិការជំនាញអាយប៉ា បានសម្រេចសេចក្តីសម្រេចចំនួន២២ នៅក្នុងមហាសន្និបាត លើកទី៣៨នេះ។
វត្តមានរបស់គណៈប្រតិភូសភាកម្ពុជា នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាននាពេលនេះ បានបង្ហាញឲ្យឃើញពីការចូលរួមយ៉ាងសកម្ម របស់សភាកម្ពុជា នៅក្នុងវិស័យការទូតសភា ដែលបានចូលរួមចំណែកកសាងសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ ក៏ដូចជាពិភពលោកតាមយន្តការសភា ដែលយកការអនុវត្តច្បាប់ជាធំនោះ៕