(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះថា កម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចាប់ខ្លួនជនសង្ស័យ៣នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបពីស្ដ្រីម្នាក់។
លោកស្នងការបញ្ជាក់ថា ការឃាត់ខ្លួននេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយក្នុងចំណោមជនសង្ស័យទាំង៣នាក់នោះ ២នាក់ចាប់ខ្លួននៅស្រុកស្រែអំបិល និងម្នាក់ទៀតចាប់នៅក្រុងព្រះសីហនុ
បើតាមលោកឧត្តមសេនីយ៍ទោស្នងការ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ដោយជនរងគ្រោះឈ្មោះ ម៉ម ឡាំងហួយ អាយុ១៩ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។ ដោយឡែកសម្ភារៈបាត់បង់ ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone7plus ពណ៌ខ្មៅ, អត្តសញ្ញាណប័ណ្ណ២សន្លឹក, លុយ២៥ដុល្លារ, កាបូបកាន់ដៃ១។
លោកបន្ថែមថា ជនសង្ស័យដែលចាប់បានទី១៖ឈ្មោះ ផា រិនហៃ អាយុ១៧ឆ្នាំ, ទី២៖ឈ្មោះ សោម រ័ត្ន អាយុ១៩ឆ្នាំ និងទីឈ្មោះ ហុង ដារ៉ា អាយុ១៧ឆ្នាំ ក្នុងនោះដកហូតបានម៉ូតូនិច ១គ្រឿង ដែលជាមធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព និងសម្ភារៈរបស់ជនរងគ្រោះ ប៉ុន្ដែសម្ភារៈទាំងអស់នោះត្រូវបានប្រគល់ជូនជនរងគ្រោះវិញផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕