(ពោធិ៍សាត់)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ ព្រមទាំងបុត្រ និងចៅ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ អញ្ជើញចូលរួមក្នុងពិធីរាប់បាត្រ ក្នុងថ្ងៃភ្ជុំបិណ្ឌជាមួយព្រះសង្ឃ ពុទ្ធបរិស័ទចំនួន១,៤០០នាក់ ក្នុងវត្តលលកស សង្កាត់លលកស ក្រុងពោធិ៍សាត់។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និងក្រុមគ្រួសារបាននាំយកនូវទេយ្យទាន និងទេយ្យវត្ថុ ចែកជូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ និងប្រគេនជូនព្រះសង្ឃមាន ប្រជាពលរដ្ឋចំនួន១៤០០នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ និងថវិកា១ម៉ឺនរៀល, បច្ច័យកសាងវត្ត២,៥០០ដុល្លារ និងស៊ីម៉ង់៥តោន។
ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋថែរក្សា ទុកតាំងពីបុរាណកាលមក ហើយពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជនមានមាតាបីតា ជីដូនជីតា ញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន ទៅកាន់បរលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ ហើយការប្រារព្ធពិធីបុណ្យជាតិនេះ គឺបានបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕