(ភ្នំពេញ)៖ អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក ចាន់ គីមសេង បានស្នើឲ្យអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ពិចារណាក្នុងការនាំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ មកសាកសួរលើសំណុំរឿង «ក្បត់ជាតិ» នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ។
បើតាមលិខិតផ្ញើទៅកាន់អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ដែល Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា លោក ចាន់ គីមសេង បានបង្ហាញការព្រួយបារម្ភថា ការបញ្ជូនលោក កឹម សុខា មកសាកសួរនៅសាលាឧទ្ធរណ៍អាចជួបបញ្ហាសន្តិសុខ សុវត្ថិភាព ដែលអាចកើតឡើងជាយថាហេតុនៅពេលដឹកជញ្ជូន ក៏ដូចជានៅពេលមានវត្តមាននៅសាលាឧទ្ធរណ៍។
សូមបញ្ជាក់ថា សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ នឹងបើកសវនាការបណ្តឹងរបស់ក្រុមមេធាវី ដែលប្តឹងប្រឆាំងដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទបទល្មើស «ក្បត់ជាតិ»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីយប់រំលងអាធ្រាត្រថ្ងៃទី២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។ ការចាប់ខ្លួន បានធ្វើឡើងបន្ទាប់ពីវីដេអូមួយដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។
លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៧ សម្រេចចេញដីកាឃុំខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស «សន្ទិដ្ឋិភាពជាមួយបរទេស» ឬបទ «ក្បត់ជាតិ» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ៕