(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានប្រកាសជ្រើសរើសពលទាហានចូលបំពេញការងារ នៅយោធភូមិភាគទី១ រួមមានខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី និងខេត្តរតនគីរី ដែលជាខេត្តមានព្រំដែនជាប់ប្រទេឡាវ និងវៀតណាម។ ការប្រកាសជ្រើសរើស របស់ក្រសួងការពារជាតិ បានធ្វើឡើង ក្នុងគោលបំណងពង្រឹងការការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន។

យោងតាមសេក្តីជូនំណឹងរបស់ក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹងថា សាធារណជន ជាពិសេសយុវជន ដែលមានបំណងចូលរួមបម្រើការងារជាយោធិននៃកងយោធពលខេមរភូមិន្ទ អាចដាក់ពាក្យសុំចូលបម្រើការងារ នៅតាមទីបញ្ជាការកងរាជអាវុធហត្ថស្រុក-ក្រុង ដោយឡែកនៅរាជធានីភ្នំពេញ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

ជាការកត់សំគាល់រាល់ការស័គ្រ្មចិត្តចូលបម្រើការងារ ក្នុងកងយោធពលខេមរភូមិន្ទ ចាប់ពីការដាក់ពាក្យរហូតដល់ការសម្រេចបញ្ចូលក្នុងក្របខណ្ឌ ព្រមទាំងការពិនិត្យសុខភាព កាយសម្បទា និងលិខិតស្នាមពាក់ព័ន្ធ គឺមិនតម្រូវឲ្យមានការបង់ប្រាក់ឡើយ៕