(ពោធិសាត់)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជួបសំណេះសំណាល និងអាហារសាមគ្គីជាមួយមិត្តភក្តិចាស់ៗដែលរៀនជាមួយគ្នាកាលពីទសវត្សឆ្នាំ៦០ ដែលកំពុងក្លាយជានិវត្តន៍ជន អតីតយុទ្ឋជន ជាជីតា ជីដូន របស់ចៅៗ នៅខេត្តពោធិសាត់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងនូវក្តីនឹករលឹកចំពោះមិត្តភក្តិទាំងអស់ តាំងពីកាលនៅរៀន និងបែកគ្នាទៅបំពេញការងាររៀងខ្លួន ពិសេសប្រវត្តិនៃការឈឺចាប់តស៊ូឆ្លងពីសង្រ្គាមម្តងហើយម្តងទៀត ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បន្ថែមថាមិត្តភក្តិយើងទាំងអស់គ្នាគឺមានវ័យចាស់ៗ ដែលមានបទពិសោធន៍ឆ្លងកាត់សម័យកាលជាច្រើន ហើយពួកយើងបានក្លាយជា មរតកមនុស្សរស់សម្រាប់យុវជនសម័យក្រោយធ្វើការសិក្សាស្រាវជ្រាវ ផ្តល់ដំបូន្មានដល់ពួកគេដើម្បីក្លាយជា ទំពាំងស្នងឬស្សីនិងជាធនធានដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិ ៕