(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារឃុំក្ត្រឿងរាយ-ឃុំជាខ្លាង រួមជាមួយសហការី និងគណៈកម្មាធិការបក្សភូមិ-ឃុំជាខ្លាង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ចុះជួបសំណេះណាលជាមួយពលករចំណាកស្រុកនៅតាមបណ្តាភូមិទាំង៨ ឃុំជាខ្លាង ដែលមានពលករចូលរួមចំនួន១៧៤នាក់ ក្នុងនោះស្រី៩៥នាក់។
ក្នុងឱកាសនោះ លោក ចាន់ វ៉ាន់ធឿន បានផ្សព្វផ្សាយ អំពីគោលនយោបាយ ដឹកនាំរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់កម្មករ និងពលករក្នុង និងក្រៅប្រទេសលើការតម្លើង ប្រាក់បៀវត្ស, ការបញ្ចុះតំលៃថ្លៃផ្ទះជួល, ភ្លើង និងទឹក។ មួយវិញទៀត ការធ្វើឲ្យកាន់តែប្រសើរឡើងនូវគោលនយោបាយរបបសន្តិសុខសង្គម ជូនដល់កម្មករ និងពលករ។
ចុងបញ្ចប់ លោកប្រធានក្រុមការងារ បានសំណូមពរសុំឲ្យកម្មករ និងពលករ ទាំងអស់ធ្វើការគាំទ្រ និងមានជំនឿជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។
ឆ្លៀតក្នុងនោះ លោកបានឧបត្ថម្ភជូនពលករក្នុងម្នាក់ៗចំនួន១០,០០០រៀល និងអាហារសម្រន់ និងបានឧបត្តម្ភជូនអ្នកចូលរួមតាមបណ្តាភូមិ ក្នុងកម្មវិធីនេះ និងចំណាយផ្សេងៗមួយចំនួនទៀត៕