(ស្វាយរៀង)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរទៅតាមរម្មណីយដ្ឋាននានា ហើយខ្លះទៀតជួបជុំគ្រួសារ នៅតាមគេហដ្ឋានរៀងៗខ្លួន ខណៈពេលនេះកត្ដាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជាច្រើនសំខាន់បំផុត ព្រោះខា្លចក្រែងមានគ្រោះថ្នាក់ផ្សេងៗ កើតឡើងជាយថាហេតុ។
ជាក់ស្ដែង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាឲ្យកម្លាំងអាវុធហត្ថទូទាំងខេត្ត ត្រូវពង្រឹង និងបង្កើនសកម្មភាពការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនពលរដ្ឋ ក្នុងមូលដ្ឋានរៀងៗខ្លួនឲ្យបានល្អបំផុត។
ប្រកាសបញ្ជារបស់លោកមេបញ្ជាការ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងឱកាសលោកដឹកនាំ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី១៤ ចំនួន៤វត្ត ក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោកមេបញ្ជាការ និងភិរយា ព្រមទាំងមន្ដ្រីក្រោមឱវាទ បានប្រគេនចង្ហាន់ និងទេយ្យវត្ថុប្រគេនព្រះសង្ឃទាំង៤វត្ត រួមមាន៖ ព្រះសង្ឃទាំង០៤វត្ត មាន៩១អង្គ ស្លាដក៩១ស្លាដក, ប្រគេនបច្ច័យព្រះសង្ឃ៩១អង្គ ក្នុងមួយអង្គ ២០,០០០រៀល, គ្រឿងឧភោគបរិភោគ ទាំង៤វត្ត ក្នុង១វត្តមាន៖ អង្ករ១បាវ ៥០គីឡូក្រាម, ទឹកផ្លែឈើ២កេស, ទឹកក្រូច២កេស, នំធុង២ធុងធំ, ទឹកបរិសុទ្ធវីតាល២កេស, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, មីម៉ាម៉ា២កេស, ធូក២ដុំធំ, ទៀន២គីឡូ, តែ២កញ្ចប់, ប៊ីចេង២គីឡូ, ត្រីខកំប៉ុង០២យួរ និងចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃ ៤ស្រាក់។
ក្នុងពិធីបុណ្យនេះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានចូលរួមកសាងសម្រាប់វត្ត ទាំង៤៖ វត្តបាវិត ចំនួន១,០០០ដុល្លារ និង៧២៥,០០០រៀល, វត្តតាពៅចំនួន១,០០០ដុល្លារ និង៥៥៥,០០០រៀល, វត្តតាឡុកស៊ីម៉ង់ត៍១០តោន និង៤៤៩,០០០រៀល និងវត្តព្រៃយាយ ចំនួន១,០០០ដុល្លារ និង៤៥៥,០០០រៀលថែមទៀត៕