(ព្រះសីហនុ)៖ ខណៈឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋជាច្រើនមកពីគ្រប់ទិសទី ហាក់កំពុងសម្រុកទៅលេងកម្សាន្ដ នៅខេត្ដព្រះសីហនុ ហើយកត្តាសន្ដិសុខ សណ្ដាប់ធ្នាប់ជារឿងសំខាន់បំផុតផងដែរ។
ជាក់ស្ដែង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាឲ្យកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងកម្លាំងឲ្យបានគ្រប់គ្រាន់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្ដរជាតិ ដែលបានមកកម្សាន្ដក្នុងខេត្តទេសចរណ៍មួយនេះ ហើយក៏ជាមូលដ្ឋានរបស់លោកគ្រប់គ្រង់ផងដែរ។
ប្រកាសបញ្ជាបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងឱកាស លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដឹកនាំសហការីនាំយកបច្ច័យ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ កំពុងគង់ចាំព្រះវស្សានៅវត្តឥន្ធញាណ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន និងញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅ និងដើម្បីប្រតិបត្តិតាមបញ្ញត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ទេយ្យទានដែលបានប្រគេនព្រះសង្ឃនាពេលនេះមាន៖ អង្ករ១០បាវ, មី៥កេសធំ, ត្រីខ១កេសធំ, ទឹកក្រូច៥កេស, ទឹកបាកាស២កេស, ទឹកសុទ្ធ៥កេស, ប្រេងឆា២ដបធំ, តែ៥កញ្ចប់, ស្កសរ៥គីឡូ, ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ៥យួរ និងសម្ភារៈជាច្រើនមុខទៀត ព្រមទាំងបច្ច័យចំនួន៣,៤៥០ដុល្លារ និង២,៦០០,០០០រៀល។
លោកអាចារ្យវត្ត បានឲ្យដឹងថា នៅវត្តឥន្ធញាណ ហៅវត្តក្រោម ក្រុងព្រះសីហនុ មានព្រះសង្ឃជាសមណៈសិស្ស កំពុងគង់ស្នាក់អាស្រ័យដើម្បីសិក្សារៀនសូត្រ ធម៌វិន័យ ចំនួន២០៣អង្គ ដែលជាបន្ទុកមួយធំរបស់វត្តសម្រាប់ចំណាយធ្វើចង្ហាន់ប្រគេនលោកប្រចាំថ្ងៃផងដែរ។
ចុងក្រោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្ថែមថវិកាចំនួន៥០០ដុល្លារថែមទៀត ដើម្បីបង្គ្រប់ការចាក់បេតុងប្លង់សេកុដិ មួយសន្លឹក និងស្ករស១បាវថែមទៀតផងដែរ៕