(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ប្រជុំដាក់ផែនការដល់ថ្នាក់ដឹកនាំនគរបាលខេត្ត ពីការត្រួតពិនិត្យសភាពការណ៍ និងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរៀងៗខ្លួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្ត។ កិច្ចប្រជុំនេះ មានការចូលរួមពី ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត សរុប៦៨នាក់។
បន្ទាប់ពីបញ្ចប់ការប្រជុំដាក់ផែនការនេះ លោកឧត្តមសេនីយ៍ត្រីស្នងការ បានដឹកនាំសមាសភាពដដែល ចូលរួមក្នុងពិធីសំណេះសំណាល ជាមួយកងកម្លាំងអន្តរាគមន៍ពិសេសខេត្ត ចំនួន១២០នាក់ ដែលបាននិងកំពុងត្រៀមអន្តរាគមន៍នៅស្នងការដ្ឋាន ជាមួយក្រុមប្រចាំបញ្ជារៀងរាល់ថ្ងៃ ដោយគោរពវិនយ័ និងអនុវត្តបទបញ្ជាថ្នាក់លើបានល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ លោកស្នងការ បាននាំអំណោយឧបត្ថម្ភដល់កម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ពិសេស រួមមាន៖
*អំណោយរបស់ លោក ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ឧបត្ថម្ភម៉ូតូប្រដេញចំនួន៤គ្រឿង សម្រាប់បម្រើកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសផ្សេងៗ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម។
*អំណោយ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ឯកសណ្ឋានឈុតខ្មៅ១២០កំប្លេរ និងថវិកាចំនួន១,២០០,០០០រៀល សម្រាប់កម្លាំងអន្តរាគមន៍ពិសេស១២០នាក់។
*អំណោយរបស់ លោក គួច ចំរើន ឧបត្ថម្ភទឹកក្រូច៦០កេស, មី៦០កេស និងថវិកាចំនួន១,៥០០,០០០រៀល សម្រាប់ការិយាល័យជំនាញចំណុះស្នងការដ្ឋាន៣០ការិយាល័យ ដែលត្រៀមប្រចាំបញ្ជារៀងរាល់ថ្ងៃ ជាមួយកម្លាំងអន្តរាគមន៍៕