(សៀមរាប)៖ តបតាមការអំពាវនាវ សាកលវិទ្យាល័យអង្គរសៀមរាប នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រកាសផ្ដល់អាហារូបករណ៍១០០ភាគរយ រយៈពេល៤ឆ្នាំ ដល់យុវតីម្នាក់ដែលប្រឡងជាប់បាក់ឌុប បាននិទ្ទេស A ហើយមានម្ដាយជាស្ដ្រីមេម៉ាយពិការភ្នែកទាំងសងខាង នៅស្រុកពួក ខេត្តសៀមរាប។
ការប្រកាសនេះ ធ្វើឡើងដោយមានការគាំទ្រពី លោក សៀង ណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាសកលវិទ្យាល័យអង្គរ លោក សុខ តុញ ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងលោក ជ័យ សុខវិទ្យា សកលវិទ្យាធិការ ដែលបានប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ គ្រប់មុខវិជ្ជា រយៈពេល០៤ឆ្នាំ ដើម្បីឲ្យយុវតីរូបនេះបានបន្តការសិក្សា និងចូលរួមចំណែកសម្រេចក្តីប្រាថ្នាររបស់អ្នកម្តាយ យុវតីម្នាក់នេះផងដែរ។
សាកលវិទ្យាល័យអង្គរសៀមរាប បានបញ្ជាក់ថា សូមយុវតី ឌឿ ពិសី ទាក់ទងទៅលោក សុខ តុញ តាមរយៈលេខទូរស័ព្ទ 017 23 23 23 និងលោក ជ័យ សុខវិទ្យា សាកលវិទ្យាធិការ សាកលវិទ្យាល័យអង្គរ តាមរយៈលេខទូរស័ព្ទ 012 823 088 ដើម្បីទំនាក់នងចុះឈ្មោះសិក្សា។
សូមជម្រាបថា សិស្សានុសិស្សទើបប្រឡង ជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន៤៧នាក់ ក្នុងខេត្តសៀមរាប ដែលក្នុង នោះមានបេក្ខនារីម្នាក់ ឈ្មោះ ឌឿ ពិសី អាយុ១៨ឆ្នាំ ដែលម្ដាយជាស្ដ្រីមេម៉ាយពិការភ្នែកទាំងសងខាង ឈ្មោះ ឌឿ សុផល មានកូន២នាក់នៅក្នុងបន្ទុក បានធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធីនេះ កោតសរសើរចំពោះវិរៈភាពរបស់អ្នកម្តាយ ដែលខិតខំតស៊ូចិញ្ចឹមកូនរហូតដល់ ធំពេញវ័យបានរៀនសូត្រ ហើយប្រឡងជាប់បាននិទ្ទេសA ថែមទៀតផង។
យុវតី ឌឿ ពិសី ដែលជាសិស្សរៀននៅថ្នាក់ទី១២ B នៃវិទ្យាល័យពួក ស្រុកពួក បានលើកឡើថា ទោះបីម្តាយរបស់ខ្លួនពិការភ្នែកក៏ពិតមែន តែគាត់ តែងតែជម្រុញដល់ក្មួយ ឲ្យបានសិក្សារៀនសូត្រ ចាប់តាំងពីថ្នាក់បឋម រហូតដល់វិទ្យាល័យ ដោយអ្នកម្តាយពិការភ្នែកនេះមិនដែល មានការត្អូញថ្អែម្តងណាឡើយ គឺគាត់ធ្វើយ៉ាងណាឲ្យកូនៗ មានចំណេះដឹងខ្ពង់ខ្ពស់ មានអនាគតល្អក្នុងសង្គម។
យុវសិស្សនេះបន្ដថា ដោយកត្តាទាំងនេះហើយ ដែលបានជម្រុញឲ្យខ្លួន ត្រូវខិតខំសិក្សារៀនសូត្រទាំងនៅសាលា និងនៅផ្ទះដោយមិនទុក ពេលវេលា ឲ្យឥតប្រយោជន៍ឡើយ៕