(ម៉ានីល)៖ កងកម្លាំងរដ្ឋាភិបាលហ្វីលីពីន ទីបំផុតបានជួយសង្រ្គោះលោកបុព្វជិតកាតូលិកម្នាក់ ដែលបានជាប់ឃុំឃាំងអស់ រយៈពេលជិត ០៤ខែ ក្រោមស្នាដៃរបស់ក្រុមឧទ្ទាមបណ្តាញ ISIS ក្រោយពីបានបើកប្រតិបត្តិការក្តៅ ដែលដណ្តើមកាន់កាប់បាន មូលដ្ឋានស្នូលមួយកន្លែងដ៏សំខាន់ របស់ក្រុមសកម្មប្រយុទ្ធនេះ នៅក្នុងទីក្រុង ម៉ារ៉ាវី (Marawi) ភាគខាងត្បូងប្រទេស។ នេះបើតាមមន្រ្តីការពារជាតិហ្វីលីពីន ដកស្រង់សម្តីដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។
លោកឪ តេរែស៊ីតូ សូហ្គានូប (Teresito Soganub) ហៅ Chito ត្រូវបានគេចាប់ជំរឹតរួមជាមួយនិង អ្នកអប់រំប្រតិបត្តិសាស្រ្តគ្រិស្តមួយចំនួនទៀត ស្របពេលដែលក្រុមសកម្មប្រយុទ្ធកាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅនេះ បានចូលលុកលុយពាសពេញទីក្រុងខាងលើ ហើយបានដុតបំផ្លាញព្រះវិហារ និងសាលារៀន រួមទាំងដោះលែងអ្នកទោស ក៏ដូចជារឹបអូសអាវុធផ្សេងៗ នៅក្នុងការវាយប្រហារមួយ ដែលរៀបចំឡើងដោយល្អិតល្អន់បំផុត។
វត្តមានរបស់លោកឪ Soganub អាចនិយាយបានថា ជាដំណឹងល្អដ៏កម្រមួយ សម្រាប់យោធាហ្វីលីពីន ដែលបានប្រឈមមុខនឹងបញ្ហាលំបាកជាច្រើន នៅក្នុងទីក្រុង Marawi ដោយរាប់តាំងពីហេតុការណ៍គ្រោះថ្នាក់ដ៏ប្រល័យ ក្នុងអំឡុងយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសដ៏ចម្រូងចម្រាស់មួយ រហូតដល់ការខកខានមិនអាចបញ្ចប់សង្រ្គាម នៅក្រុងភាគខាងត្បូងមួយនេះ តាមកាលកំណត់បានជាច្រើនលើកច្រើនសា។ ដោយឡែក ក្រៅពីលោកឪ Soganub ចំណាប់ខ្មាំងម្នាក់ក៏ត្រូវបានជួយសង្រ្គោះផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះ ពលទាហានចំនួន ១៤៩នាក់ បានស្លាប់នៅក្នុងសមរភូមិ រួមជាមួយប្រជាជនស៊ីវិលស្លូតត្រង់ ៤៧នាក់ទៀត ខណៈជនសកម្មប្រយុទ្ធច្រើនជាង ៦៧០នាក់ ត្រូវបានសម្លាប់។ ជាមួយគ្នានេះជនបរទេសប្រមាណជា ១០នាក់ កំពុងបន្តមានវត្តមាននៅក្នុងសមរភូមិដ៏ក្តៅគគុកនេះ ក្នុងចំណោមពួកឧទ្ទាមចន្លោះពី ៥០នាក់ ទៅ៦០នាក់ ដែលកំពុងមានចំណាប់ខ្មាំងពី ៤៥ទៅ៥០នាក់ នៅក្នុងដៃរបស់ពួកគេដដែល៕