(សៀមរាប)៖ សិស្សានុសិស្សទើបប្រឡង ជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន៤៧នាក់ ក្នុងខេត្តសៀមរាប ដែលក្នុង នោះមានបេក្ខនារីម្នាក់ ឈ្មោះ ឌឿ ពិសី អាយុ១៨ឆ្នាំ ដែលម្ដាយជាស្ដ្រីមេម៉ាយពិការភ្នែកទាំងសងខាង ឈ្មោះ ឌឿ សុផល មានកូន២នាក់នៅក្នុងបន្ទុក បានធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធីនេះ កោតសរសើរចំពោះវិរៈភាពរបស់អ្នកម្តាយ ដែលខិតខំតស៊ូចិញ្ចឹមកូនរហូតដល់ ធំពេញវ័យបានរៀនសូត្រ ហើយប្រឡងជាប់បាននិទ្ទេសA ថែមទៀតផង។
ពិធីប្រគល់រង្វាន់ និងប័ណ្ណសរសើរនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួង ការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប។
ស្ដ្រី ឌឿ សុផល បានឲ្យដឹងថា គាត់ពិការភ្នែកទាំងពីរ មានកូនចំនួន២នាក់នៅក្នុងបន្ទុក មានមុខរបលក់ដូរបន្តិចបន្តួចនៅផ្ទះដើមី្បផ្គត់ផ្គង់ ជីវភាពក្នុងក្រុមគ្រួសារ ទោះបីពិការភ្នែកគ្មានឪកាសឃើញមុខកូនទាំង២ក៏ដោយ តែគាត់ខិតខំណែនាំកូនៗ ឲ្យបានសិក្សារៀនសូត្រ មានចំណេះដឹង ក្នុងការកសាងអនាគតរបស់ពួកគេ និងចង់លឺ អ្នកជុំវិញខ្លួននិយាយអ្វីដែលចំណុចល្អៗ របស់កូនគាត់ទាំង២ក៏គាត់ សប្បាយចិត្តដែរ។
ម៉្យាងវិញទៀតដោយសារ ខ្លួនជាជនពិការភ្នែក គាត់ចង់ឲ្យកូនៗទទួលបានការអប់រំ សិក្សារៀនសូត្រ ពីព្រោះថាចំណេះវិជ្ជានេះ ហើយដែលជាស្ពានចម្លងឲ្យរួចផុតពីភាពក្រីក្រ ភាពល្ងង់ខ្លៅ តែអ្វីដែលកូនស្រីរបស់គាត់បានតបស្នងមកគាត់វិញ នោះគឺកូនគាត់បានបង ឡងជាប់ ហើយទទួលបាននិទ្ទេស A ដែលធ្វើឲ្យគាត់ មានមោទនភាពចំពោះកូនរបស់គាត់ខ្លាំងបន្ថែមទៀត។
យុវតី ឌឿ ពិសី ដែលជាសិស្សរៀននៅថ្នាក់ទី១២ B នៃវិទ្យាល័យពួក ស្រុកពួក បានលើកឡើថា ទោះបីម្តាយរបស់ខ្លួនពិការភ្នែកក៏ពិតមែន តែគាត់ តែងតែជម្រុញដល់ក្មួយ ឲ្យបានសិក្សារៀនសូត្រ ចាប់តាំងពីថ្នាក់បឋម រហូតដល់វិទ្យាល័យ ដោយអ្នកម្តាយពិការភ្នែកនេះមិនដែល មានការត្អូញថ្អែម្តងណាឡើយ គឺគាត់ធ្វើយ៉ាងណាឲ្យកូនៗ មានចំណេះដឹងខ្ពង់ខ្ពស់ មានអនាគតល្អក្នុងសង្គម។
យុវសិស្សនេះបន្ដថា ដោយកត្តាទាំងនេះហើយ ដែលបានជម្រុញឲ្យខ្លួន ត្រូវខិតខំសិក្សារៀនសូត្រទាំងនៅសាលា និងនៅផ្ទះដោយមិនទុក ពេលវេលា ឲ្យឥតប្រយោជន៍ឡើយ។
ដោយឃើញពីការតស៊ូរបស់ ស្ដ្រី ឌឿ សុផល ជាស្ត្រីពិការភ្នែកទាំងពីរ មានកូនចំនួន២នាក់ក្នុងបន្ទុក តែខិតខំតស៊ូចិញ្ចឹមកូនបានរៀនសូត្រ រហូតប្រឡងជាប់និទ្ទេស A សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការកោតសរសើរ និងជូនជាថវិកាចំនួន៥០ម៉ឺនរៀល បន្ថែមទៀតជូន ដល់អ្នកម្តាយ របស់ក្មួយស្រី ឌឿ ពិសី ផងដែរ។
យុវតី ឌឿ ពិសី បានធ្វើការថ្លែងអំណគុណចំពោះ អ្នកម្តាយជាទីគោរពស្រលាញ់ អ៊ុពូមីង លោកគ្រូអ្នកគ្រូទាំងអស់ អាជ្ញាធរភូមិឃុំ ជាពិសេសថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល ដែលបានជួយផ្តល់ឱកាសឲ្យក្មួយស្រី បានសិក្សារៀនសូត្ររហូតទទួលបានលទ្ធផលល្អ និងអំពាវនាវដល់បណ្តាសាកលវិទ្យាល័យ ក្នុងខេត្តសៀមរាបទាំងអស់ ដែលមានចិត្តសប្បុរសសូមមេត្តាជួយផ្តល់អាហារូបករណ៍ ដល់ក្មួយស្រី បានបន្តការសិក្សាបន្ថែមទៀត ដើម្បីសម្រេចក្តីប្រាថ្នារបស់អ្នកម្តាយរបស់ក្មួយស្រីឲ្យបានផងដែរ៕