(កំពង់ស្ពឺ)៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ចប់វគ្គហ្វឹកហ្វឺន អន្ដរាគមន៍ ការពារកូដកម្ម កុប្បកម្ម ជូនរាជរដ្ឋាភិបាលស្របច្បាប់ និងទប់ទល់ជាមួយជនអគិតដែលតែងញុះញង់ឲ្យពលរដ្ឋប្រឆាំងរដ្ឋាភិបាល។
ក្នុងពិធីបិទវគ្គដែលមានសិក្ខាកាម១៣០នាក់នេះ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា «យើងហ្វឹកហាត់ កងអន្តរាគមន៍ ការពារកូដកម្ម កុប្បកម្ម គឺទុកការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ ជូនសង្គមជាតិ ជូនរាជរដ្ឋាភិបាលស្របច្បាប់ និងត្រៀមទប់ទល់ជាមួយជនអគិតិ ដែលតែងញុះញង់ឲ្យពលរដ្ឋប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ និងមានបំណងបង្កហិង្សាក្នុងសង្គមជាតិទាំងមូល»។
លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ដោយបានការឯកភាពពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ការហ្វឹកហាត់ចាប់ផ្តើមបើកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានរយៈពេល៣១ថ្ងៃ។
បើតាមលោកស្នងការ សិក្ខាកាមទាំងអស់បានសិក្សាជំនាញវគ្គជំនាញអន្តរាគមន៍ ការពារកូដកម្ម កុប្បកម្ម ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងតាមយុទ្ធវិធីមេរៀនរហូត១១ជំនាញ ហើយក្រោយបានហ្វឹកហាត់ និងឈានដល់ថ្ងៃបិទនេះ សិក្ខាកាមទទួលបាន៩៧ភាគរយ និទ្ទេសល្អ និង០៣ភាគរយមធ្យម ដើម្បីផ្តល់ឲ្យសិក្ខាកាមទាំងអស់ ទទួលបានចំណេះដឹងជំនាញ រួមទាំងការគោរពបាននូវវិន័យ ក្នុងនាមជាកងកម្លាំងនគរបាលជាតិ ដែលបម្រើពលរដ្ឋ និងប្រទេសជាតិ៕